(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញនូវលទ្ធភាពនៃការគាំទ្របេក្ខភាពអង្គការណាតូរបស់ប្រទេសស៊ុយអែត ដោយនិយាយថា ប្រទេសតួកគីនឹង «ធ្វើការសម្រេចចិត្តល្អបំផុត ដោយមិនគិតពីអ្វីនោះទេ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។
ការអត្ថាធិប្បាយរបស់លោក Erdogan ខាងលើបានកើតឡើងប៉ុន្មានម៉ោង មុនពេលលោកនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលនឹងផ្តោតសំខាន់លើការលុកលុយរបស់រុស្ស៊ី និងការពង្រីកប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក។
តួកគីដែលជាសមាជិកអង្គការណាតូ ដែលបានរារាំងការទទួលស្គាល់ស៊ុយអែតទៅក្នុងសម្ព័ន្ធភាព បានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន និងក្រុងប្រ៊ុចសែលខឹងសម្បារ ខណៈដែលពួកគេបានអះអាងថា ទីក្រុង Stockholm បានធ្វើការងារគ្រប់គ្រាន់ដើម្បីដោះស្រាយកង្វល់របស់ទីក្រុងអង់ការ៉ា។
លោក Erdogan បានរំលឹកឡើងវិញនូវការព្រួយបារម្ភរបស់លោក នៅថ្ងៃសុក្រសប្តាហ៍នេះ ដោយបានចោទសួរថា «តើប្រទេសដែលមានភេរវករនៅតាមផ្លូវរបស់វា ... អាចចូលរួមជាអង្គការណាតូបានដោយរបៀបណា»។
ទោះជាយ៉ាងណា លោកក៏មិនច្រានចោលការផ្តល់ភ្លើងខៀវឲ្យស៊ុយអែតចូលរួមដែរ ដែលលោកនឹងពិភាក្សាការងារនេះ ជាមួយលោកនាយករដ្ឋមន្ត្រី Ulf Christensen ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅដើមសប្តាហ៍ក្រោយ។
លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «នៅក្នុងកិច្ចប្រជុំកំពូលនៃភាពជាអ្នកដឹកនាំនៅទីក្រុង Vilnius នៅថ្ងៃអង្គារសប្តាហ៍ក្រោយយើងនឹងពិភាក្សាអំពី (កង្វល់របស់ប្រទេសតួកគី) ជាមួយដៃគូរបស់យើង។ ទោះយ៉ាងណាក៏ដោយ យើងនឹងធ្វើការសម្រេចចិត្តដ៏ល្អបំផុត»៕