(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ឱ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្សចំនួន ៦នាក់បានស្លាប់ និង ២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះមួយនៅឯរោងចក្រផលិតគ្រឿងផ្ទុះមួយកន្លែងនៅតំបន់ Samara ភាគកណ្តាលនៃប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣។

សេវា​សង្គ្រោះ​បន្ទាន់បានឱ្យដឹងថា ការផ្ទុះបានកើតឡើងនៅរោងចក្រ Promsintez ក្នុងទីក្រុង Chapayevsk ខណៈដែលមនុស្សបានរងគ្រោះ ដោយក្នុងនោះ ៦នាក់បានស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះនេះ។

ប្រភពដដែលនេះថែមទាំងបានឱ្យដឹងទៀតថា ការ​ផ្ទុះ​នេះ​ទំនងកើតឡើងដោយសារ​តែ​ការរុះរើឧបករណ៍មិនត្រឹមត្រូវ កំលុងពេលជួសជុល។

គួរបញ្ជាក់ថា Promsintez គឺជារោងចក្រផលិតគ្រឿងផ្ទុះឧស្សាហកម្មដ៏សំខាន់មួយនៅក្នុងប្រទេសរុស្ស៊ី និងអតីតសហភាពសូវៀត។ រោងចក្រនេះមានបុគ្គលិកបម្រើការរហូតដល់ ១,៣០០នាក់ និងបម្រើដល់ផ្នែកឧស្សាហកម្មរ៉ែ ប្រេង និងឧស្ម័ន។ ក្រុមហ៊ុនដែលជាម្ចាស់រោងចក្រនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ប៉ុន្តែរោងចក្រនេះមានតាំងពីសម័យមុនបដិវត្តន៍រុស្ស៊ីទៅទៀត៕