(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថាត្រៀមផ្តល់នូវកញ្ចប់ជំនួយយោធាថ្មី៨០០លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដែលក្នុងនោះនឹងរួមមានអាវុធ នៃគ្រាប់បែកចង្កោមផងដែរ។ ការត្រៀមផ្តល់កញ្ចប់ជំនួយយោធាថ្មីជាមួយនឹងគ្រាប់បែកចង្កោមនេះ គឺដើម្បីជួយបង្កើនប្រសិទ្ធភាពវាយបក Counter Offensive របស់អ៊ុយក្រែនដែលប្រមាណជាងមួយខែមកនេះ មានភាពរីកចំរើនតិចតួចណាស់។ គ្រាប់បែកចង្កោមគឺជាអាវុធដែលប្រទេសជាង១២០លើសកលលោក បានហាមឃាត់ការប្រើប្រាស់ ប៉ុន្តែសហរដ្ឋអាមេរិកនិងអ៊ុយក្រែនគ្មានវិធីណាប្រសើរជាងការផ្តល់គ្រាប់បែកចង្កោមក្នុងពេលនេះ ដើម្បីការសម្លាប់គូបដិបក្ខឡើយ។

គ្រាប់បែកចង្កោមដែលសហរដ្ឋអាមេរិកត្រៀមផ្តល់ដល់អ៊ុយក្រែន ត្រូវគេរំពឹងនឹងប្រកាសនៅថ្ងៃសុក្រទី៧ ខែកក្កដា (ម៉ោងក្នុងសហរដ្ឋអាមេរិក)។ ជំនួយយោធាដើម្បី សម្លាប់មនុស្សនេះ គឺជាផ្នែកមួយនៃកញ្ចប់ជំនួយយោធានានាតម្លៃ៨០០លានដុល្លារខណៈដែលយុទ្ធនាការ Counter Offensive មិនមានភាពជឿនលឿនទៅមុខដូច តាមការរំពឹងទុកនោះទេ។ ជំនួយយោធាទាំងនេះ នឹងត្រូវបញ្ចេញពីឃ្លាំងស្តុកដោយផ្ទាល់របស់ក្រសួងការពារជាតិអាមេរិក និងក៏រួមមានទាំងរថពាសដែកប្រភេទ Stryker និង Bradley និងគ្រាប់រំសេវជាច្រើនថែមទៀតដូចជាគ្រាប់ សម្រាប់កាំភ្លើងផ្លោង Howitzers និងគ្រាប់សម្រាប់អាវុធ HIMARS ផងដែរ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មុននេះបានបដិសេធមិនផ្តល់អាវុធដ៏សាហាវនេះទេ ប៉ុន្តែការលង់ខ្លួនក្នុងសង្គ្រាមកាន់តែជ្រដែលមិនអាចដកខ្លួនចេញបាន ការសន្យាអ្វីក៏ដោយ ដែលធ្លាប់មានពីមុន បានប្រែប្រួលទាំងអស់ដើម្បីការចង់យកឈ្នះលើរុស្ស៊ីជាពិសេសការ ចង់ឱ្យអ៊ុយក្រែនមានប្រៀបលើយុទ្ធនាការរដូវប្រាំងនេះ។

យុទ្ធនាការ Counter Offensive របស់អ៊ុយក្រែនបានចាប់ផ្តើមតាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែការវាយលុកដើម្បីដណ្តើមយកទឹកដីភាគខាងកើត និងភាគខាងត្បូង រុស្ស៊ីបានជួបឧបសគ្គខ្លាំងក្លា និងមិនអាចវាយបានលឿនដូចតាមសន្ទុះចិត្តរំពឹងទុកនោះបានឡើយ។ កម្លាំងទាហានអ៊ុយក្រែននិងគ្រឿងសព្វាវុធ ទំនើបជាច្រើនផ្តល់មកឱ្យអ៊ុយក្រែនក្នុងយុទ្ធនាការវាយលុករដូវប្រាំងត្រូវគេរាយការណ៍ថា ត្រូវបានទាហានរុស្ស៊ីវាយបំផ្លាញ, ខ្លះមិនទាន់នឹងដល់សមរភូមិផង បានរងការវាយឆ្មក់ និងកម្ទេចនៅតាមផ្លូវ។ ទាហានអ៊ុយក្រែនដែលដណ្តើមបានទឹកដីតិចតួច បានប្រកាសស្វែងរកជំនួយយោធាពីក្រុមបស្ចឹមប្រទេសជាបន្ថែមទៀត ដើម្បីការវាយលុក ក្នុងយុទ្ធសាស្ត្រយកប្រៀបលើសមរភូមិដើម្បីបង្ខំឱ្យរុស្ស៊ីដកថយពីតំបន់រណបភាគខាងកើត និងខាងត្បូងនៅមុនការឈានចរចាស្វែងរកសន្តិភាព។

អាវុធនៃគ្រាប់បែកចង្កោមដែលសហរដ្ឋអាមេរិកត្រៀមផ្តល់ដល់អ៊ុយក្រែនក្នុងពេលនេះគឺជា អាវុធដែលអ៊ុយក្រែនចង់បានជាយូរមកហើយ។ ប្រធានសេនាធិការចម្រុះ កងទ័ពជើងគោកអាមេរិកលោកឧត្តមសេនីយ៍ Mark Milley បានថ្លែងកាលពីសប្តាហ៍មុនថាសហរដ្ឋអាមេរិកបានគិតជាយូរមកហើយអំពីការផ្តល់អាវុធគ្រាប់ បែកចង្កោមដល់អ៊ុយក្រែន។ លោកឧត្តមសេនីយ៍ Mark Milley បានថ្លែងនៅក្នុងក្លឹបកាសែតជាតិអាមេរិកថា «ប្រជាជនអ៊ុយក្រែនបានស្នើសុំអាវុធនេះ, ប្រទេសក្នុង ទ្វីបអឺរ៉ុបបានផ្តល់ខ្លះទៅហើយនូវ អាវុធប្រភេទនោះ និងលោកថារុស្ស៊ីក៏បានប្រើអាវុធគ្រាប់បែកចង្កោមនោះផងដែរ»។ លោកបានថ្លែងថា «ពិតមែនហើយដំណើរការ សម្រេចលើសេចក្តីស្នើសុំនេះកំពុងតែប្រព្រឹត្តទៅ និងស្ថិតក្នុងភាពរីកចំរើនទៅមុខល្អ»

លោកបានថ្លែងទៀតថា «តាមការដឹងរបស់លោក គឺលោកមិនទាន់បានដឹងច្បាស់នូវការសម្រេចនោះនៅឡើយទេ ប៉ុន្តែលោកជឿថាវានឹងដំណើរការទៅមុខ»។ គ្រាប់បែកចង្កោម គឺជាប្រភេទគ្រាប់ដែលគេអាចបាញ់ចេញពីកាំភ្លើងត្បាល់ Artillery ក៏បាន, ទម្លាក់ពីលើយន្តហោះ ឬបាញ់ពីលើដី ឬបាញ់ចេញពីសមុទ្រក៏បាន ដែលវានឹងបំបែកចេញជាគ្រាប់តូចៗពីលើផ្ទៃអាកាសធ្លាក់មកលើដីរាយប៉ាយ។ គ្រាប់ទាំងនោះនឹងបំផ្លាញជីវិតមនុស្ស និងអាចដល់កម្ទេចរថក្រោះ និងរថពាសដែក បានថែមទៀតយោងតាមប្រសិទ្ធិភាពនៃប្រភេទអាវុធផលិតក្នុងសម័យបច្ចេកវិទ្យាបច្ចុប្បន្ន។

មនុស្សណាដែលស្ថិតក្នុងតំបន់រង្វង់ដែលមានការវាយប្រហារដោយគ្រាប់បែកចង្កោម ហើយនឹងប្រឈមនូវគ្រោះថ្នាក់ដល់ជិវិតបើមិនស្លាប់ ក៏នឹងរងរបួស ជាមិនខាន ឡើយ។ ឈ្នួនផ្ទុះនៃគ្រាប់បែកតូចៗពេលប៉ះនឹងវត្ថុឬប៉ះដីត្រូវបានផ្ទុះ ប៉ុន្តែមានគ្រាប់បែកតូចៗមួយចំនួនធំនឹង មិនបានផ្ទុះឡើយ ហើយគ្រាប់ដែលមិនផ្ទុះនោះហើយ តែងបង្កនូវគ្រោះថ្នាក់ដល់ជីវិតមនុស្ស ជាពិសេសជនស៊ីវិល និងកុមារ។ ក្រុមទាហានអាមេរិកធ្លាប់បានប្រើអាវុធគ្រាប់បែកចង្កោមទាំងនេះ តាមប្រទេសនានាដូចជានៅ ក្នុងប្រទេសអាហ្វាហ្កានីស្ថាន, ប្រទេសអ៊ីរ៉ាក់ក្នុងតំបន់មជ្ឈិមបូព៌ា និងនៅក្នុងសង្គ្រាមវៀតណាម កន្លងមកនោះជាដើម។

សេចក្តីរាយការណ៍បានបង្ហាញថាមន្ត្រីអ៊ុយក្រែនបានស្នើសុំរកអាវុធគ្រាប់បែកចង្កោមនេះ ដើម្បីការជួយក្នុងយុទ្ធនាការវាយបក Counter Offensive ក្នុងការរំពឹងថា ជាមួយនឹងគ្រាប់បែកចង្កោមនេះ, ការវាយលុកដណ្តើមយកទឹកដីវិញពីរុស្ស៊ីនឹងអាចធ្វើលឿន។ ក្រុមអង្គការសិទ្ធិមនុស្ស Human Rights Watch និងសមាជិក ព្រឹទ្ធសភាអាមរិកមួយចំនួនបានស្នើមេដឹកនាំសហរដ្ឋអាមេរិកសូមកុំបញ្ជូនគ្រាប់បែកចង្កោមនោះដល់អ៊ុយក្រែន និងបានអំពាវនាវរុស្ស៊ីនិង អ៊ុយក្រែនមិនត្រូវប្រើប្រាស់ អាវុធគ្រាប់បែកចង្កោមនោះវាយប្រហារដាក់គ្នាឡើយ ប៉ុន្តែសេចក្តីស្នើនេះ គ្មានអ្នកណាបានយកចិត្តទុកដាក់នោះទេពីព្រោះវាជាគំនិតផ្តាច់មុខរបស់សហរដ្ឋអាមេរិក នៃបិតាលទ្ធិប្រជាធិបតេយ្យ។

 លោកឧត្តមសេនីយ៍ Mark Milley បានថ្លែងបន្តថា «អ៊ុយក្រែនកំពុងតែប្រយុទ្ធដើម្បីជីវិតរស់ របស់ពួកគេ។ យើងនឹងជួយផ្តល់អាវុធទាំងនេះដល់ពួកគេច្រើន តាមដែល ចង់បាន និងនៅថ្ងៃចុងក្រោយបំផុតនោះ ទាហានអ៊ុយក្រែននឹងធ្វើការវាយប្រហារឆ្លងកាត់នូវឧបសគ្គវាលគ្រាប់មីនរុស្ស៊ី និងលេណដ្ឋានរបស់រុស្ស៊ីទាំងអស់នោះបាន ដែលនោះហើយគឺជាតស៊ូប្រយុទ្ធពិត ដើម្បីការរស់រានមានជីវិតរបស់ពួកគេ»

យោងតាមអង្គការកាកបាទក្រហមអន្តរជាតិ គ្រាប់បែកចង្កោមបានបន្សល់ទុកនូវគ្រាប់បែកតូចៗដែលមិនទាន់ផ្ទុះនោះ មានអត្រាខ្ពស់រហូតដល់៤០ភាគរយ ក្នុងករណីខ្លះ។ មន្ត្រីអាមេរិកត្រូវបានបណ្តាញសារព័ត៌មានដកស្រង់សម្តីដែលនិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦កក្កដាថា អត្រាគ្រាប់បែកចង្កោមមិនផ្ទុះដែល នឹងត្រូវបញ្ជូនទៅឱ្យអ៊ុយក្រែននាពេលខាងមុខនេះ នឹងមានមិនដល់៣ភាគរយទេ ដែលប្រការនេះមានន័យថា វាមិនសូវមានគ្រោះថ្នាក់គំរាម ខ្លាំងដល់ជីវិតប្រជាជនស៊ីវិលនោះឡើយ។

ថ្លែងក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍នៅក្រសួងការពារជាតិ, ឧត្តមសេនីយ៍ត្រីអាមេរិកលោក Pat Ryder បាននិយាយថា លោកមិនមានសេចក្តីប្រកាស ណាមួយអំពីរឿងគ្រាប់បែកចង្កោមនោះទេ។ ប៉ុន្តែលោកបាននិយាយថា ក្រសួងការពារជាតិមានគ្រាប់ដែលប្រែប្រួលជាច្រើន។ លោកបញ្ជាក់ថា អ្វីដែលសហរដ្ឋអាមេរិក កំពុងពិចារណាផ្តល់ គឺនឹងមិនយកនូវគ្រាប់ចាស់ៗនៃអត្រាខ្ពស់ដែលមិនផ្ទុះនោះឡើយ។ គ្រាប់ដែលបញ្ជូននឹងមានអត្រាខ្ពស់ដល់ជាង២,៣៥ភាគរយ។

ក្នុងការឆ្លើយតបនឹងសំនួររបស់ក្រុមសារព័ត៌មានតើគ្រាប់បែកចង្កោមនឹងមានឥទ្ធិពលយ៉ាងណាក្នុងការជួយអ៊ុយក្រែនលើយុទ្ធនាការ Counter Offensive លោកឧត្តមសេនីយ៍ត្រីអាមេរិករូបនោះ បាននិយាយថាវាអាចទម្លុះដែក, អំបែងអាចវាយប្រហារដាក់លើមនុស្សជាច្រើន ដែលប្រភេទគ្រាប់ទាំងនោះ តែងត្រូវបានគេ ប្រើប្រាស់ក្នុងយុទ្ធនាការវាយលុកបកដាក់លើសត្រូវ។ លោកបានថ្លែងថារុស្ស៊ីបានប្រើប្រាស់គ្រាប់បែកចង្កោមនេះដែរដែលជាប្រភេទដែលមានគ្រាប់មិនផ្ទុះ មានកម្រិតខ្ពស់។

សមាជិកសភាអ៊ុយក្រែនលោកស្រី Oleksandra Ustinova ដែលគាំទ្រឱ្យសហរដ្ឋអាមេរិក បញ្ជូនគ្រាប់បែកចង្កោមនោះ បានថ្លែងថាទាហានអ៊ុយក្រែន ក្នុងការវាយលុកដណ្តើមបានទឹកដីដែលរុស្ស៊ីកាន់កាប់តែងតែត្រូវបំផ្លាញគ្រាប់មីនរបស់រុស្ស៊ីដែលដាក់បង្កប់។ លោកស្រីបន្តថា អ៊ុយក្រែននឹងប្រើប្រាស់ គ្រាប់បែកចង្កោមដែលផ្តល់ឱ្យនេះ ដើម្បីបំផ្ទុះគ្រាប់នៅក្នុងដីដែលរុស្ស៊ី បានដាក់បង្កប់សម្រាប់សម្លាប់ទាហានអ៊ុយក្រែន។ អ៊ុយក្រែនបានថ្លែងថាគេចង់ប្រើប្រាស់ គ្រាប់បែកចង្កោម ទាំងនេះ ដើម្បីជួយជីវិតទាហាន ដែលប្រឈមនឹងវាលចំការមីនរៀបចំទុកជាមុនដោយរុស្ស៊ី។

តំណាងរាស្រ្តអាមេរិកលោក Michael McCaul ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃ សភាតំណាងរាស្ត្រ បាននិយាយថា «ពេលវេលានេះ គឺជាពេលដែល សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តត្រូវផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធអាវុធនានាដែលត្រូវការរាប់ពីគ្រាប់បែកចង្កោម, យន្តហោះ F-16 និងប្រព័ន្ធអាវុធ ATACMS ដើម្បី ជួយអ៊ុយក្រែនក្នុងយុទ្ធនាការវាយលុក Counter Offensive ។ លោកបានថ្លែងបន្តថាការពន្យាពេលនៃការផ្តល់អាវុធទាំងនេះ នឹងធ្វើឱ្យមានជីវិតបាត់បង់កាន់តែច្រើន និងធ្វើឱ្យសង្គ្រាមកាចសាហាវចេះតែបន្តថែមទៀត។

ប្រព័ន្ធអាវុធ ATACMS ដែលមានឈ្មោះពេញថា The Army Tactical Missile System គឺជាប្រភេទអាវុធដែលមានសមត្ថភាពអាចវាយប្រហារដាក់លើគោលដៅ រុស្ស៊ី ក្នុងចម្ងាយដល់៣០០គីឡូម៉ែត្រ។ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានប្រាប់ទូរទស្សន៍ស៊ីអិនអិនដែលបានផ្សាយកាលពីថ្ងៃទី៦ ខែកក្កដាថា ភាពយឺតយ៉ាវនៃការផ្តល់ជំនួយយោធាមកអ៊ុយក្រែនបានធ្វើឱ្យយឺតដល់យុទ្ធនាការវាយលុក Counter Offensive និងថាភាពយឺតយ៉ាវនោះទៀត ធ្វើឱ្យរុស្ស៊ីកាន់តែ ពង្រឹងប្រព័ន្ធការពាររបស់ខ្លួនក្នុងតំបន់កាន់កាប់ភាគខាងកើតថែមទៀតក្នុងនោះរួម មានទាំងការបង្កើនសកម្មភាពបង្កប់គ្រាប់មីនជាបន្ថែម។

អ៊ុយក្រែនដែលមិនអាចវាយសម្រុកបានលឿនដូចចិត្តនៅលើសមរភូមិ បានប្រកាសចាត់ទុកការបំផ្លាញនិងកម្ទេចសត្រូវ គឺជាម៉ែត្រវាស់ដែលស្មើនឹងការដណ្តើម បានទឹកដី។ ប្រធានទីប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន លោក Oleksiy Danilov បានសរសេរបង្ហោះតាមបណ្តាញសង្គមក្នុងសប្តាហ៍នេះថា «ក្នុងដំណាក់កាលធ្វើ សកម្មភាពប្រឆាំងនឹងសត្រូវនាពេលនេះ, កងកម្លាំងការពាររបស់អ៊ុយក្រែន កំពុងបំពេញភារកិច្ចលេខមួយរបស់ខ្លួន គឺការបំផ្លាញយ៉ាងអតិបរមា នូវកម្លាំងមនុស្ស, គ្រឿងបរិក្ខារ, ឃ្លាំងផ្ទុកប្រេងឥន្ធនៈ, យានយន្តយោធា, ប៉ុស្តិ៍បញ្ជាការសត្រូវ, កាំភ្លើងធំនិងកងកម្លាំងការពារដែនអាកាសរបស់កងទ័ពរុស្ស៊ី»។

លោក Oleksiy Danilov បានសរសេរទៀតថា «ឥឡូវនេះ សង្រ្គាមដែលធ្វើឱ្យសត្រូវវិនាស គឺស្មើនឹងសង្រ្គាមវាយដណ្តើមយកដីជាគីឡូម៉ែត្រ»។ លោកសរសេរបន្តថា «ការបំផ្លាញកាន់តែ ច្រើនលើសត្រូវមានន័យថាការរំដោះមានកាន់តែច្រើន»។ សង្គ្រាមអ៊ុយក្រែនត្រូវគេឃើញថាកាន់តែឆាបឆេះសន្ធោសន្ធៅ ជាពិសេសអាវុធ ទំនើបៗរបស់ប្រទេសមហាអំណាចទាំងអស់លើសកលលោក ត្រូវបានយកមកប្រើប្រាស់ជាបណ្តើរដែលធ្វើឱ្យជីវិតរបស់ពលរដ្ឋក្នុងអ៊ុយក្រែន និងរុស្ស៊ី បានស្លាប់ ជាបន្តបន្ទាប់។ រុស្ស៊ីបាននិយាយមុននេះថាបើសិនជាអង្គការណាតូបញ្ឈប់ការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន គេនឹងពិចារណាកិច្ចពិភាក្សាឈប់បាញ់គ្នា ប៉ុន្តែការផ្តល់ ជំនួយយោធាត្រូវគេឃើញថាកាន់តែបន្តមិនឈប់ឈរសោះឡើយបើទោះបីត្រូវមានមនុស្សស្លាប់ច្រើនយ៉ាងណាក៏ដោយ។

នៅលើសមរភូមិនោះវិញ គ្រាដែលសង្គ្រាមបានឈានចូលដល់៤៩៨ថ្ងៃគិតត្រឹមថ្ងៃសុក្រនេះ, សេចក្តីរាយការណ៍បានបង្ហាញថាការបាញ់មីស៊ីលមួយគ្រាប់របស់រុស្ស៊ី ដាក់លើក្រុង Lviv នាភាគខាងលិចប្រទេស បានសម្លាប់មនុស្ស៧នាក់ ក្នុងនោះមនុស្សស្លាប់ដែលមានវ័យក្មេងមានអាយុ២១ឆ្នាំ និងមនុស្សចាស់ដែលស្លាប់ មានអាយុ៩៥ឆ្នាំ ជាស្ត្រីវ័យចំណាស់ថែមទៀត។ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គីបានថ្លែងតាមបណ្តាញសង្គមថាអ៊ុយក្រែននឹងធ្វើការឆ្លើយតបចំពោះ រុស្ស៊ីវិញក្នុងការវាយប្រហារនេះ និងការឆ្លើយតបនឹងគង់ត្រូវគេឃើញជាមិនខាន៕