(កៀវ)៖ កំហុសតែមួយរបស់មេដឹកនាំអ៊ុយក្រែនលោក ហ្សេលេនស្គី នាំនាំឱ្យទ្វីបអាហ្វ្រិកទាំងមូលបាននាំគ្នាប្រឆាំងនឹងប្រទេសអ៊ុយក្រែនវិញ។ មេដឹកនាំធំៗក្នុង ទ្វីបអាហ្វ្រិកមុននេះ បាននាំគ្នាដាក់ចេញនូវសំណើសន្តិភាពមួយដើម្បីរកការបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ តើកំហុសអ្វីបានជានាំឱ្យទ្វីបអាហ្វ្រិកធ្វើការផ្លាស់ប្តូរ ចិត្តប្រឆាំងនឹងប្រទេសអ៊ុយក្រែនវិញ?

ភាពក្រពុលមុខនឹងការចង់ធ្វើសង្គ្រាមឈ្នះលើរុស្ស៊ី បានធ្វើឱ្យអ៊ុយក្រែនបាត់បង់ការគាំទ្ររបស់ខ្លួនដល់បណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ខណៈដែលអ៊ុយក្រែនបាន ទាត់ចោលការស្នើដោយបណ្តាក្រុមប្រទេសនៅទ្វីបអាហ្វ្រិកក្នុងបំណងល្អចង់ស្វែងរកសន្តិភាពបញ្ចប់សង្គ្រាម។ មេដឹកនាំអាហ្វ្រិកចំនួនប្រាំពីររូប ដែលតំណាងដោយ ប្រទេសមកពីអាហ្វ្រិកខាងត្បូង, ប្រទេសអេហ្ស៊ីប, ប្រទេសសេណេហ្គាល់, ប្រទេសកុងហ្គោ-Brazzaville, ប្រទេសកូម៉ូរ៉ូស, ប្រទេស ហ្សាំប៊ី និងអ៊ូហ្គង់ដា បានរួមគ្នា ធ្វើកិច្ចប្រឹងប្រែងមួយដើម្បីចង់បញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃបង្កផលលំបាកដល់ពិភពលោកនេះ។ មេដឹកនាំអាហ្វ្រិកទាំងប្រាំពីររូប បាននាំគ្នាធ្វើដំណើរទៅកាន់ប្រទេស អ៊ុយក្រែនផង និងប្រទេសរុស្ស៊ីផងក្នុងក្តីសង្ឃឹមរកការបញ្ចប់សង្រ្គាម ដោយសារតែសង្គ្រាមនេះបានបង្កផលប៉ះពាល់ដល់បណ្តាប្រទេសជាច្រើនក្នុងទ្វីបអាហ្វ្រិកនោះ។ កិច្ចប្រឹងប្រែងនោះ ត្រូវគេចាត់ទុកថាជាបេសកកម្មដ៏ថ្លៃថ្នូរមួយក្នុងបំណងស្ដារសន្តិភាព និងលើកស្ទួយជីវិតប្រជាជនដែលរងផលប៉ះពាល់ ប៉ុន្តែបេសកកម្មនោះ បែរជារងភាពខ្ទេចខ្ទីដោយសារលោក ហ្សេលេនស្គីទៅវិញ។

លោក ហ្សេលេនស្គី មុននេះ បានស្វាគមន៍គណៈប្រតិភូអាហ្រ្វិកដោយបើកចំហរដែលហាក់ដូចជាទទួលយកឱកាសសម្រាប់ការសន្ទនាដើម្បីបញ្ចប់សង្គ្រាម។ ប៉ុន្តែគ្មាន អ្នកណាអាចដឹងថាតើនៅពីក្រោយទ្វារបិទជិតដែលមានការជួបជជែកគ្នារវាងលោក ហ្សេលេនស្គី និងក្រុមសម្ព័ន្ធមិត្ត NATO នោះបានរៀបចំផែនការអ្វីដែលដើរផ្ទុយ នឹងការរកសន្តិភាពនោះឡើយ។ ប៉ុន្តែ ផែនការរបស់បណ្តាមេដឹកនាំទ្វីបអាហ្វ្រិកទាំងនោះ បានជារងភាពអាម៉ាស់និងទទួលបានការបំបាក់មុខដោយមានចេតនានោះ ទៅវិញ។ ការរងភាពអាម៉ាស់លើកដំបូង គឺនៅពេលដែលសំណើសន្តិភាពនោះ ត្រូវបានលើកយកមកជជែកនៅលើតុជាមួយគ្នា។ លោក ហ្សេលេនស្គីនាពេលនោះ ស្រាប់តែច្រានចោលសំណើនោះភ្លាមៗ ដោយការប្រកាសដាច់អហង្កាថាគេមិនអាចមានការចរចាណាមួយជាមួយនឹងរុស្ស៊ីបានឡើយ។

លោក ហ្សេលេនស្គីបានច្រានចោលនូវគំនិតផ្តួចផ្តើមរកសន្តិភាពនេះ ដែលខុសប្លែកពីមុនក្នុង ការបើកចិត្តថានឹងទទួលស្វាគមន៍យក។ ក្នុងអំឡុងសន្និសីទសារព័ត៌មាន, លោក ហ្សេលេនស្គី ថែមទាំងបាននិយាយទាត់ចោលជាមួយនឹងការបង្ហាញកំហឹងថែមទៀត និងលោកបានប្រើពាក្យសម្តីថា ការឱ្យមានកិច្ចចរចាជាមួយរុស្ស៊ី ក្នុងពេល ដែលកងទ័ពរុស្ស៊ីបានកាន់កាប់ទឹកដីអ៊ុយក្រែននោះ នឹងធ្វើឱ្យជម្លោះនេះបានបញ្ចប់និងវាធ្វើឱ្យប្រជាជនអ៊ុយក្រែនមានការឈឺចាប់ដែលមិនអាចទ្រាំទទួលយកបាន។
លោកបានចោទប្រកាន់ថាវាជាការចាញ់បោករុស្ស៊ី និងមេដឹកនាំអ៊ុយក្រែននោះ បានទទួចថាសន្តិភាពពិតប្រាកដអាចសម្រេចបានលុះត្រាតែកងទ័ពរុស្ស៊ីដកខ្លួនចេញពី ទឹកដីអ៊ុយក្រែនទាំងស្រុង។

ឥរិយាបថការទូតរបស់លោក ហ្សេលេនស្គី ត្រូវគេឃើញថាមានភាពខុសគ្នាពីមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រុស្ស៊ីនៅចំពោះសំណើរកសន្តិភាពរបស់មេដឹកនាំ អាហ្វ្រិកទាំងនោះ បានបង្ហាញនូវការលំបាកក្នុងការអនុវត្តតាម ប៉ុន្តែមិនបានបង្ហាញនូវការទាត់ចោលអំពីបំណងព្យាយាមប្រឹងប្រែងរបស់បណ្តាមេដឹកនាំអាហ្វ្រិក ទាំងនោះឡើយ។ មេដឹកនាំរុស្ស៊ីបានបង្ហាញឱ្យមេដឹកនាំអាហ្វ្រិកទាំងនោះយល់មកវិញថាលោកនឹងធ្វើការពិចារណាលើសំណើនោះដោយសារតែចំណុចដែលបានស្នើ មកនោះខ្លះមិនស្របនឹងគោលជំហររបស់រុស្ស៊ីនោះឡើយ។ អាកប្បកិរិយាការទូតរបស់មេដឹកនាំអ៊ុយក្រែន បានធ្វើឱ្យមេដឹកនាំនៃទ្វីបអាហ្វ្រិកធ្លាក់ទឹកចិត្តជាខ្លាំង។

ហើយស្ថានការណ៍ប្រែក្លាយតានតឹងកាន់តែខ្លាំងនៅក្នុងព្រលានយន្តហោះ Warsaw នៃប្រទេសប៉ូឡូញ។ មន្ត្រីអាហ្រ្វិកខាងត្បូងបានប៉ះទង្គិចពាក្យសម្តីនឹងមន្ត្រីប៉ូឡូញ នៅលើផ្លូវធ្វើដំណើរ។ អាជ្ញាធរប៉ូឡូញបានគំរាមរឹបអូសអាវុធ និងឧបករណ៍ដែលបានដាក់តាមការពារប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន និងរុស្ស៊ី។ ឧបទ្ទវហេតុនេះបានរីករាលដាលក្លាយទៅជាមានការចោទប្រកាន់នូវភាពរើសអើងជាតិសាសន៍ និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខរបស់គណៈប្រតិភូអាហ្វ្រិក។ សកម្មភាពរបស់លោក Zelensky និងក្រុមរបស់លោក ហ្សេលេនស្គីនោះ ត្រូវគេរាយការណ៍ ថាបានបង្ហាញពីការមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះមនោសញ្ចេតនារបស់គណៈប្រតិភូអាហ្វ្រិកនោះឡើយ។ សំណួរដែលបានដាក់ចេញមកនោះ គឺថាតើទង្វើ នោះ នឹងជួយលោក ហ្សេលេនស្គី ដែរឬទេ? ទង្វើនោះ ត្រូវគេចាត់ទុកថា គឹមិនមែនជួយលើកមុខលោកហ្សេឡិនស្គីនៃប្រទេសអ៊ុយក្រែននោះឡើយ។

សេចក្តីរាយការណ៍បានបង្ហាញថា តាមរយៈការធ្វើឱ្យអាម៉ាស់មុខ និងការប្រឈមមុខដាក់មេដឹកនាំអាហ្រ្វិកនោះ, ប្រធានាធិបតីអ៊ុយក្រែន កំពុងរុញមេដឹកនាំអាហ្វ្រិក ទាំងនេះឱ្យស្ថិតនៅឆ្ងាយ និងធ្វើឱ្យទំនាក់ទំនងរវាងអ៊ុយក្រែន និងអាហ្វ្រិកកាន់តែមានភាពតានតឹង ហើយទង្វើនោះបានធ្វើឱ្យប្រទេសក្នុងទ្វីបអាហ្វ្រិកបែរជាងាក មកមានសាមានចិត្តជាមួយនឹងប្រទេសរុស្ស៊ីវិញ។ ក្រុមអ្នកតាមដាននយោបាយបានថ្លែងថាប្រទេសដែលមានសង្គ្រាមហើយ ការធ្វើសេចក្តីសម្រេចរបស់សាមីប្រទេស ដែលមានសង្គ្រាមនោះដូចជាប្រទេសអ៊ុយក្រែននោះជាដើម នឹងមិនអាចឯករាជ្យបានឡើយដោយសារតែការពឹងពាក់រកជំនួយពីបរទេសជាពិសេសពីប្រទេស នៃអង្គការណាតូនិងសហរដ្ឋអាមេរិក។

ជំនួសនឹងសំណើសន្តិភាពដាក់ចេញដោយមេដឹកនាំទ្វីបអាហ្វ្រិក បណ្តាប្រទេសអង្គការណាតូ បានគាំទ្រនូវសំណើសន្តិភាពមួយដែលដាក់ចេញដោយអ៊ុយក្រែន។ ខ្លឹមសារនៃរូបមន្តសន្តិភាពដែលប្រទេសនៃសមាជិកអង្កការណាតូបានគាំទ្រនោះ ត្រូវបានបញ្ចេញក្នុងកិច្ចប្រជុំមិនជាផ្លូវការមួយចូលរួមដោយប្រទេសជាសមាជិក អង្គការណាតូ, គណៈកម្មការអឺរ៉ុប និងតំណាងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ ខ្លឹមសារនៃរូបមន្តសន្តិភាពនោះ គឺមិនមានការធ្វើសម្បទាន ទឹកដីរបស់ខ្លួនឱ្យទៅរុស្ស៊ីឡើយ និងបានតម្រូវឱ្យរុស្ស៊ីត្រូវចុះចាញ់, រុស្ស៊ីត្រូវទទួលរងការដាក់ទណ្ឌកម្ម និងតម្រូវការបង់សងសំណងថែមទៀតដល់អ៊ុយក្រែន ទើប ដំណើរការចរចាស្វែងរកសន្តិភាពអាចប្រព្រឹត្តទៅបាន។

ប្រទេសរុស្ស៊ីបានទាត់ចោលនូវសំណើស្វែងរកសន្តិភាពរបស់អ៊ុយក្រែននោះបើទោះបីជាកិច្ចព្រមព្រៀងនេះនៅមិនទាន់បានប្រកាសដាក់ចេញជាផ្លូវការក៏ដោយ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់បណ្តាញសារព័ត៌មានថាវាគ្មានន័យអ្វីទេក្នុងការជជែកលើបញ្ហារកសន្តិភាពជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដោយសារតែលោក ហ្សេលេនស្គីនោះ គាត់មិនមែនជាបុគ្គលដែលបានធ្វើសកម្មភាពឯករាជ្យដោយខ្លួនឯងនោះឡើយ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានចោទប្រកាន់ដាក់លើសហរដ្ឋអាមេរិកនិងប្រទេសអង្គការណាតូថាជាក្រុមដែលបង្កើតឧបសគ្គក្នុងដំណើរការចរចារកសន្តិភាពពិតប្រាដក៕