(ប្រាក)៖ អំលុងការបំពេញទស្សនកិច្ចនាថ្ងៃសុក្រនេះ នៅឯសាធារណរដ្ឋឆែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ទីក្រុងកៀវត្រូវការជាចាំបាច់ នូវអាវុធប្រភេទរយៈចម្ងាយឆ្ងាយពីសហរដ្ឋអាមេរិក ដើម្បីយកទៅប្រយុទ្ធតទល់ជាមួយ​កងកម្លាំងរុស្ស៉ី ដែលបាននិងកំពុងបន្តការឈ្លានពាន នៅក្នុងប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយនាយករដ្ឋមន្រ្តីឆែក លោក ផេតឺ ហ្វៀឡា (Petr Fiala) លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «ដោយពុំមានអាវុធរយៈចម្ងាយឆ្ងាយ គឺយើងមិនត្រឹមជួបការលំបាក ក្នុងការអនុវត្តបេសកកម្មវាយលុក​ប៉ុណ្ណោះទេ តែក៏ពិបាកក្នុងការធ្វើប្រតិបត្តិការការពារទប់ទល់ផងដែរ។ ចម្បងបំផុត គឺពួកយើងចង់និយាយអំពីប្រព័ន្ធអាវុធចម្ងាយឆ្ងាយ ជាមួយសហរដ្ឋអាមេរិក ហើយឥឡូវនេះ គឺវាអាស្រ័យទៅលើពួកគេតែឯងសុទ្ធសាធ»។

គួរបញ្ជាក់ថា វត្តមានរបស់លោក ហ្សេលេនស្គី នៅទីក្រុងប្រាក គឺជាផ្នែកនៃដំណើរចេញបំពេញទស្សនកិច្ចរបស់លោក នៅឯក្រៅប្រទេស មុនការបើកកិច្ចប្រជុំកំពូលនាសប្តាហ៍ក្រោយ របស់អង្គការណាតូ (NATO) នៅលីទុយអានី ជាទីដែលលោកបានទទូចឱ្យ បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ចាត់វិធានការរឹងមាំនិងជាក់ស្តែង ពាក់ព័ន្ធសមាជិកភាព NATO សម្រាប់អ៊ុយក្រែន។ មិនតែប៉ុណ្ណោះ នៅទីក្រុងប្រាក លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានអំពាវនាវឱ្យចាប់ផ្តើមកិច្ចពិភាក្សា អំពីការចូលជាសមាជិកសហភាពអឺរ៉ុប (EU) នៅក្នុងឆ្នាំនេះផងដែរ៕