(ញូយ៉ក)៖ ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានថ្កោលទោសការប្រើប្រាស់កម្លាំងហួសហេតុរបស់យោធាអ៉ីស្រាអែល ក្នុងប្រតិបត្តិការដ៏ធំលើជំរំជនភៀសខ្លួនក្នុងទីក្រុងជេនីន (Jenin) នៅឯតំបន់វេសប៊ែង (West Bank) ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។

លោក ហ្គូតឺរ៉េស បានឲ្យដឹងថា ជនស៊ីវិលជាង ១០០នាក់បានរងរបួស មនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ។ រីឯសាលារៀន និងមន្ទីរពេទ្យរងការខូចខាត ហើយបណ្តាញទឹក និងអគ្គិសនីត្រូវបានរំខាន អំឡុងពេលមានរបស់ប្រតិបត្តិការយោធាអ៉ីស្រាអែល។ ជាមួយគ្នានេះ កងកម្លាំងអ៉ីស្រាអែលបានរារាំង អ្នករបួសមិនឲ្យទទួលបានការថែទាំសុខភាព និងបញ្ឈប់បុគ្គលិកមនុស្សធម៌មិនឲ្យទៅដល់អ្នកដែលត្រូវការជំនួយ។

ប្រមុខ UN រូបនេះ បានគូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀតដល់អ៉ីស្រាអែល ឲ្យគោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ។ ការវាយប្រហារតាមអាកាស មិនមែនប្រតិបត្តិការអនុវត្តច្បាប់ទេ។ ខ្ញុំយល់ពីការព្រួយបារម្ភរបស់អ៉ីស្រាអែល ចំពោះសន្តិសុខរបស់ខ្លួន ប៉ុន្តែការបង្ករជម្លោះមិនមែនជាមធ្យបាយសម្រាប់ដោះសា្រយឡើយ»។

គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនចំនួន ១២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់រយៈពេល ២ថ្ងៃលើជំរំជនភៀសខ្លួន ដែលយាមកាមដោយទាហានអ៉ីស្រាអែលប្រមាណ ១,០០០នាក់ និងរងការវាយប្រហារតាមអាកាស បង្ករឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៉ីវិលដូចជាផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក និងអគ្គិសនីជាដើម៕