(ប៉េកាំង)៖ នារសៀលថ្ងៃទី ៤ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ២៣ នៃកិច្ចប្រជុំក្រុមប្រឹក្សានៃប្រមុខរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ( ហៅកាត់ SCO )នៅក្រុងប៉េកាំងនិងថ្លែងសុន្ទរកថាគន្លឹះ ។ លោកបានគូសបញ្ជាក់ថា ត្រូវខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យ"នំខេក" នៃកិច្ចសហប្រតិបត្តិការដែលបម្រើផលប្រយោជន៍ទៅវិញទៅមក ឱ្យកាន់តែធំ ក្នុងន័យធ្វើឱ្យផ្លែផ្កានៃការអភិវឌ្ឍអាចផ្តល់ ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសនានា ដោយស្មើភាពគ្នាកាន់តែច្រើនឡើងៗ ។
នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ លើកមុន លោក Xi ប្រធានរដ្ឋចិនបានប្រើពាក្យន័យធៀបមួយចំនួនដូចជា "ឈាមស្រស់" "ស្ពានសំខាន់" និង "គ្រឹះនៃការអភិវឌ្ឍ" ដើម្បីពន្យល់យ៉ាងច្បាស់លាស់អំពីសំណើរបស់ចិន និងបញ្ចេញសំឡេងរបស់ប្រទេសចិន ។
ធ្វើនំខេកកាន់តែធំ៖ ការជំរុញកំណើនសេដ្ឋកិច្ច គឺជាភារកិច្ចទូទៅនៃប្រទេសនិងតំបន់ ។ ប្រទេសចិនរីករាយសហការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក ប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវនៃសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងខិតខំធ្វើឱ្យ "នំខេក"នៃកិច្ចសហប្រតិបត្តិការដែលមាន ផលប្រយោជន៍ទៅវិញទៅមកឱ្យធំជាងមុន ធ្វើឱ្យសមិទ្ធផលនៃការអភិវឌ្ឍអាចផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសនានាកាន់តែច្រើនឡើងៗដោយស្មើគ្នា។ --ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ លោក Xi Jinping ថ្លែងសុន្ទរកថានៅកិច្ចប្រជុំលើកទី ២៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ។
គ្រឹះនៃការអភិវឌ្ឍ៖ សន្តិសុខគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ បើគ្មានសន្តិសុខទេ ក៏គ្មានការអភិវឌ្ឍដែរ ។ ហេតុការណ៍អំពើហិង្សានិងភេរវកម្មដែលកើតឡើងនៅក្នុងតំបន់នេះនាថ្មីៗកន្លងទៅនេះបង្ហាញឱ្យដឹងថា ការប្រឆាំងនឹង“កម្លាំងអាក្រក់ទាំងបី”នៅតែមានដំណើរផ្លូវវែងឆ្ងាយទៀត យើងត្រូវគាំពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់ដែលជាអាទិភាពក្នុងការងាររបស់អង្គការសហប្រតិបត្តិការសៀងហៃ។
-- ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៧ លោក Xi Jinping ថ្លែងសុន្ទរកថានៅកិច្ចប្រជុំលើកទី ១៧ ក្នុងក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ។
ស្ពានសំខាន់៖ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌មនុស្សជាតិ បន្តអភិវឌ្ឍជាបន្តបន្ទាប់ បានធ្វើជាស្ពានដ៏សំខាន់សម្រាប់ប្រជាជននៃប្រទេសនានា ក្នុងការពង្រឹងការយល់ដឹងគ្នាទៅវិញទៅមកនិងមិត្តភាព ។ តំបន់ប្រវត្តិសាស្ត្រនៅក្នុងរដ្ឋជាសមាជិកគឺជាទ្រព្យសម្បត្តិអរិយធម៌រួមរបស់មនុស្សជាតិ ។ ប្រទេសចិនរីករាយសហការ ក្នុងការផ្តល់ការគាំទ្រសម្រាប់ការជួសជុលឡើងវិញ នូវតំបន់ប្រវត្តិសាស្ត្រនិងកិច្ចសហប្រតិបត្តិកា រស្រាវជ្រាវបុរាណវិទ្យាក្នុងចំណោមប្រទេសនានា ។ --ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ លោក Xi Jinping ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី ១៦ នៅក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ។
ឈាមស្រស់៖ ការពង្រីកការផ្លាស់ប្តូរបរទេស និងការស្រូបយកឈាមស្រស់ គឺជាតម្រូវការនៃការអភិវឌ្ឍនិងការរីកចម្រើន របស់អង្គការសហប្រតិបត្តិការសៀងហៃផ្ទាល់ ហើយក៏ស្របតាមគោលដៅបើកចំហនិងបរិយាប័ន្នដែលអង្គការនេះតែងតែអនុវត្ត ។
--ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៤ លោក Xi Jinping ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី ១៤ នៅក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ៕
អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន