(ប៉េកាំង)៖ “នៅពេលដឹងថា លោក Xi Jinping ប្រធានរដ្ឋចិនបានតបសំបុត្រមកកាន់ខ្ញុំវិញ ខ្ញុំមានអារម្មណ៍រំភើបចិត្ត និងសប្បាយរីករាយណាស់ ។ ក្រោយពីត្រឡប់ទៅមាតុភូមិវិញ ខ្ញុំនឹងប្រើប្រាស់ចំណេះដឹងសវនកម្មដែលរៀនបាននៅប្រទេសចិន ដើម្បីបម្រើដល់កិច្ចកសាងប្រទេសជាតិខ្លួនឯង។” ថ្ងៃទី៥ខែកក្កដា និស្សិតស្រី Tawona ដែលមកពីប្រទេសម៉ាឡាវីរៀនថ្នាក់អន្តរជាតិ អនុបណ្ឌិតមុខវិជ្ជាសវនកម្មនៅសាកលវិទ្យាល័យសវនកម្មទីក្រុងNanJing ប្រទេសចិនបានប្រាប់ទៅកាន់អ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដូចខាងលើនេះ ។
នៅថ្ងៃទី៤ខែកក្កដា លោក XiJinping ប្រធានរដ្ឋចិនបានផ្ញើសំបុត្រឆ្លើយតបទៅកាន់និស្សិតបន្តការសិក្សានៅថ្នាក់អន្តរជាតិនេះ ក្នុងន័យលើកទឹកចិត្តចំពោះពួកគេឱ្យបង្កើនការផ្លាស់ប្តូរ រៀនសូត្រនិងចែករំលែកបទពិសោធន៍ទៅវិញទៅមក ជាមួយអ្នកប្រកបការងារដូចគ្នារបស់ប្រទេសចិន ហើយឈ្វេងយល់ពីប្រទេសចិន យល់ច្បាស់ពីប្រទេសចិនតាមរយៈកិច្ចការសវនកម្ម និងរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពនិងកិច្ចសហប្រតិបត្តិការអន្តរប្រទេស ។ សំបុត្រឆ្លើយតបនេះ បានធ្វើឱ្យនិស្សិតចំនួន៣៧រូបនៃថ្នាក់រៀនរបស់អ្នកនាង Tawona រំភើបចិត្តខ្លាំងណាស់ ។
សូមបញ្ជាក់ថា ថ្នាក់អន្តរជាតិអនុបណ្ឌិតមុខវិជ្ជាសវនកម្មនៃសាកលវិទ្យាល័យសវនកម្មទីក្រុង NanJing ប្រទេសចិន គឺបង្កើតឡើងនៅឆ្នាំ២០១៦ បានបណ្តុះបណ្តាលធនធានមនុស្សឯកទេសចំនួន២៨០នាក់ ឱ្យស្ថាប័នសវនកម្មរបស់បណ្តាប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ”ចំនួន៧៦។ ក្នុងចំណោមនោះ មាននិស្សិត២០០នាក់បានបញ្ចប់ការសិក្សាដោយរលូន ហើយត្រឡប់ទៅកាន់ប្រទេសខ្លួនវិញនិងបម្រើនៅមុខងារសវនកម្ម ។
និយាយចំពោះនិស្សិតបន្តការសិក្សាទាំងឡាយ ក្នុងអំឡុងពេលរៀនសូត្រនៅប្រទេសចិន ពួកគេមិនគ្រាន់តែបានរៀនចំណេះដឹង ឯកទេសខាងសវនកម្មប៉ុណ្ណោះទេ ថែមទាំងក៏បានចាប់អារម្មណ៍ដល់ប្រព័ន្ធអភិបាលកិច្ច និងទំនើបនីយកម្មនៃសមត្ថភាពអភិបាលកិច្ចរបស់ប្រទេសចិន តាមរយៈដំណើរចុះកម្មសិក្សាជាក់ស្តែងទៀតផង ។ ក្នុងដំណើរនេះ ពួកគេបានកាន់តែយល់ដឹងពីវប្បធម៌ និងសភាពការណ៍ជាក់ស្តែងរបស់ប្រទេសចិន កាន់តែយល់ដឹងពីសង្គមនិយមប្រកបដោយ លក្ខណៈពិសេសនៃប្រទេសចិន និងបក្សកុម្មុយនីស្តចិន ហើយបានក្លាយទៅជាបេសកជននៃការផ្លាស់ប្តូរ ដោយមេត្រីភាពរវាងប្រទេសនានា។
នៅប្រទេសចិន កិច្ចការសវនកម្មគឺជាផ្នែកដ៏សំខាន់នៃបក្សកាន់អំណាច និងប្រព័ន្ធត្រួតពិនិត្យជាតិរបស់ប្រទេសចិន ។ តាមទិន្នន័យបង្ហាញឱ្យឃើញថា ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩ ប្រទេសចិនបានធ្វើសវនកម្មចំពោះអង្គភាពចំនួនជាង៤៤ម៉ឺន ដែលបានបង្កើនការចំណូលនិងកាត់បន្ថយការចំណាយ ក៏ដូចជាបានស្តារការខូចខាត សរុបជាង២ ទ្រីលានយាន់ប្រាក់ចិន ។
តាមរយៈការរៀនសូត្រ និស្សិតបរទេសបានយល់ដឹងពីរបបសវនកម្មនៃប្រទេសចិនកាន់តែស៊ីជម្រៅ ហើយមានចំណាប់អារម្មណ៍ចំពោះ ការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់បក្សកុម្មុយនីស្តចិនក្នុងការប្រឆាំងអំពើពុករលួយ និស្សិតទាំងឡាយបានសំដែងការកោតសរសើរ ចំពោះសមិទ្ធផលរបស់ប្រទេសចិនក្នុងកិច្ចការសវនកម្ម ដែលទទួលបានក្នុងអភិបាលកិច្ច ។ បន្ទាប់ពីត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ ពួកគេនឹងក្លាយទៅជាកម្មាភិបាលជំនាញដ៏ឆ្នើម ឬកម្មាភិបាលគ្រប់គ្រងក្នុងមុខងារសវនកម្មរបស់ប្រទេសខ្លួន ព្រមនិងនាំយកនូវតម្រិះប្រាជ្ញាចិននិងគម្រោងចិន សម្រាប់អភិវឌ្ឍវិស័យសវនកម្មរបស់ប្រទេសខ្លួនផងដែរ ។
ឆ្នាំនេះគឺជាខួបលើកទី១០នៃការលើកឡើងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” ។ ការបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតសវនកម្ម ឱ្យបណ្តាប្រទេសនានាលើពិភពលោក ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍ ជាសមិទ្ធផលមួយនៃគំនិតផ្តួចផ្តើមនេះ ។
គម្លាតឆ្លងកាត់គីរីជលសារ មហាសាគរ ការសម្រេចបាននូវសន្តិភាពជាយូរអង្វែង ការជំរុញការអភិវឌ្ឍរួម និងការបង្កើនកិច្ចសន្ទនាអរិយធម៌ ប្រការទាំងនេះគឺជាកិច្ចការដែលប្រទេសចិនកំពុងខិតខំធ្វើ ។ ពិភពលោកក៏អាចយល់ច្បាស់ពីទំនួលខុសត្រូវ របស់ប្រទេសចិនតារយៈកិច្ចការទាំងនោះផងដែរ៕
ដោយវិទ្យុមិត្តភាពកម្ពុជាចិន