(ញូដេលី)៖ នៅថ្ងៃសុក្រនេះ តុលាការជាន់ខ្ពស់នៅភាគខាងលិចប្រទេសឥណ្ឌា បានច្រានចោលការអំពាវនាវរបស់មេដឹកនាំបក្សប្រឆាំង លោក រ៉ាហ៊ុល ហ្កាន់ឌី (Rahul Gandhi) ឲ្យព្យួរការផ្តន្ទាទោសរូបលោកនៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ ខណៈការសម្រេចរបស់តុលាការ បានបញ្ចប់នូវក្តីសង្ឃឹមរបស់លោក ដើម្បីវិលត្រឡប់មកសភាវិញ និងចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។

លោក ហ្កាន់ឌី អាយុ ៥២ឆ្នាំមកពីគណបក្ស Congress របស់ប្រទេសឥណ្ឌា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ប៉ុន្តែការជាប់ពន្ធនាគារត្រូវបានពន្យារពេលសិន ហើយលោកត្រូវបានគេអនុញ្ញាតឲ្យនៅក្រៅឃុំ។ បន្ទាប់ពីមានការបដិសេធលើ សំណើរសុំព្យួរទោសនេះ លោក ហ្កាន់ឌី អាចយកបណ្តឹងឧទ្ធរណ៍ដាក់ទៅកាន់តុលាការធម្មនុញ្ញ ហើយបន្ទាប់មកទៅកាន់តុលាការកំពូល ដែលជាជម្រើសចុងក្រោយរបស់លោក។

គួរបញ្ជាក់ថា លោក ហ្កាន់ឌី ត្រូវបានកាត់ទោសកាលពីខែមីនា ក្នុងសំណុំរឿងដែលប្តឹងដោយសមាជិកសភារដ្ឋមកពីគណបក្ស Bharatiya Janata Party ដែលកំពុងកាន់អំណាច ជុំវិញការអត្ថាធិប្បាយរបស់លោកកាលពីឆ្នាំ ២០១៩ ដែលត្រូវបានចាត់ទុកថា ជាការប្រមាថដល់នាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី (Narendra Modi) និងមនុស្សផ្សេងទៀតដែលមាននាមត្រកូលម៉ូឌី (Modi)៕