(តូក្យូ)៖ អាជ្ញាធរនៅប្រទេសជប៉ុននិងនូវែលសេឡង់ បានឱ្យដឹងនៅថ្ងៃសុក្រនេះថា អ៊ុយក្រែនបានដាក់សំណើជាផ្លូវការដើម្បីសុំចូលរួមក្នុង កិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ហៅកាត់ CPTPP មកកាន់នូវែលសេឡង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសនូវែលសេឡង់ បានប្រាប់ថា នូវែលសេឡង់ដែលទទួលបន្ទុកជាអ្នកសម្រួបសម្រួលកិច្ចការផ្សេងៗសម្រាប់ កិច្ចព្រមព្រៀង CPTPP ទទួលបានសំណើសុំចូលជាសមាជិក ពីសំណាក់អ៊ុយក្រែនតាំងតែពីថ្ងៃទី៥ ខែឧសភាម៉្លេះ។ អ្នកនាំពាក្យ​ដដែល បានបន្តថា ជំហានបន្ទាប់ទៀតដើម្បីចាត់ចែងទៅលើពាក្យស្នើសុំរបស់អ៊ុយក្រែន នឹងត្រូវកំណត់ដោយសមាជិកទាំងអស់របស់ CPTPP ដែលនឹងត្រូវជួបគ្នានៅទីក្រុងអូកលែន (Auckland) នៃប្រទេសនូវែលសេឡង់ នាថ្ងៃទី១៦ ខែកក្កដា។

ក្នុងថ្ងៃសុក្រនេះ រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុន លោក ស៉ីហ្គេយុគិ ហ្គោតុ (Shigeyuki Goto) បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ជប៉ុន ក្នុងនាមជាសមាជិករបស់ CPTPP ត្រូវតែវាយតម្លៃដោយប្រុងប្រយ័ត្ន ថាតើអ៊ុយកែនអាចបំពេញតាមលក្ខណៈកម្រិតខ្ពស់នៃកិច្ចព្រមព្រៀង ដែរឬក៏អត់។

គួរបញ្ជាក់ថា CPTPP រួមមានអូស្រ្តាលី ព្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៉ី ម៉ិកស៉ិក នូវែលសេឡង់ ប៉េរូ​ សិង្ហបុរី និងវៀតណាម ហើយចក្រភពអង់គ្លេស នឹងត្រូវក្លាយជាសមាជិកទី១២។ រីឯចិន កោះតៃវ៉ាន់ អេក្វាទ័រ កូស្តារីកា និងអ៊ុយរូហ្កា ក៏សុទ្ធតែបានដាក់សំណើដើម្បីសុំចូលរួមក្នុង កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះផងដែរ៕