(វែលីងតោន)៖ នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក គ្រីស ហ៉ីបគីន (Chris Hipkins) បាននិយាយថា នូវែលសេឡង់នឹងត្រូវបន្តធ្វើប្រាស្រ័យទាក់ទងជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន ប៉ុន្តែក៏នឹងបន្តបង្ហាញការយល់ឃើញផ្ទុយពីទីក្រុងប៉េកាំងផងដែរ នៅត្រង់ចំណុចនានា ដែលមានផលប៉ះពាល់ចំពោះផលប្រយោជន៍ជាតិ នៃប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។
អំលុងការថ្លែងសុន្ទរកថាមួយ នៅឯវិទ្យាស្ថានកិច្ចការអន្តរជាតិរបស់ប្រទេសនូវែលសេឡង់ លោក ហ៉ីបគីន បានលើកឡើងយ៉ាងដូច្នេះថា «ទំនាក់ទំនងមួយដែលរឹងមាំ ចាស់ទុំ និងស្មុគស្មាញជាមួយចិន មានន័យថា យើងមុខជានឹងត្រូវមានកិច្ចសន្ទនាដែលលំបាកៗជាមួយគ្នា ប៉ុន្តែខ្ញុំយល់ថា ទោះមានលក្ខណៈលំបាកក៏ដោយក្តី ការជជែកគ្នាគឺប្រសើរជាង ការមិននិយាយរកគ្នាទាល់តែសោះ»។ លោក ហ៉ីបគីន បានបន្តថា នូវែលសេឡង់នឹងបន្តមានការខ្វែងគំនិតគ្នាជាមួយចិន លើបញ្ហាមួយចំនួន ប៉ុន្តែគន្លងផ្លូវនៃការទាក់ទងគ្នា នឹងមានភាពបើកចំហហើយស្មោះត្រង់។
ការថ្លែងសុន្ទរកថាខាងលើកើតមានឡើង នៅប្រមាណជាមួយសប្តាហ៍ បន្ទាប់ពីលោក ហ៉ីបគីន បានចំណាយពេលសរុប៦ថ្ងៃ បំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងនោះរួមមានទាំងជំនួបជាមួយលោក ស៉ី ជិនពីង ផងដែរ ដែលពេលនោះលោកប្រធានាធិបតីចិន បាននិយាយថា ទីក្រុងប៉េកាំងតែងតែចាត់ទុកនូវែលសេឡង់ គឺជាមិត្តនិងដៃគូរបស់ចិន។
គួរបញ្ជាក់ថា ជាយូរមកហើយ នូវែលសេឡង់ត្រូវគេឃើញថា ប្រកាន់ជំហរបែបសម្រុះសម្រួលចំពោះចិន បើទោះបីមានឋានៈជាសមាជិក នៃសម្ព័ន្ធភាពចែករំលែកព័ត៌មានសម្ងាត់ ហៅថា ភ្នែកប្រាំ ឬ Five Eyes ដែលមានសហរដ្ឋអាមេរិកនៅក្នុងនោះដែរក៏ដោយ។ បច្ចុប្បន្ន ទីក្រុងវែលីងតោន កំពុងចាត់ចែងប្រកបដោយភាពប្រុងប្រយ័ត្ន ទៅលើទំនាក់ទំនងរបស់ខ្លួនជាមួយចិន ចំពោះមុខការប្រកួតប្រជែងឥទ្ធិពលគ្នាដ៏តានតឹង រវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន៕