(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា រូបលោកនឹងមានសិទ្ធិវេតូជុំវិញការប្រើប្រាស់ណាមួយ នៃអាវុធនុយក្លេអ៊ែរតាក់ទិច ដែលរុស្ស៉ីកំពុងរៀបចំដាក់ពង្រាយ លើទឹកដីនៃប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។
ប្រធានាធិបតីរុស្ស៉ីលោក វ៉ាឌីមៀ ពូទីន ដែលជាមេដឹកនាំប្រទេសមានអាវុធនុយក្លេអ៊ែរច្រើនបំផុតលើលោក បានប្រកាសកាលពីខែមីនា ឆ្នាំនេះ អំពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិច នៅក្នុងប្រទេសបេឡារុស ខណៈវាគឺជាការដាក់ពង្រាយអាវុធបែបនេះ ជាលើកដំបូងនៅក្រៅប្រទេសរុស្ស៉ី គិតចាប់តាំងពីការដួលរំលំ នៃសហភាពសូវៀតកាលពីឆ្នាំ១៩៩១។ លោក ពូទីន បាននិយាយថា ការដាក់ពង្រាយពួកវានឹងមិនបំពានលើ សន្ធិសញ្ញាអន្តរជាតិស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨ ឡើយ ដ្បិតអាវុធទាំងនោះនឹងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ីផ្ទាល់ ដូចទៅនឹងអាវុធនុយក្លេអ៊ែរអាមេរិកនៅអឺរ៉ុប ដែលជាផ្លូវការស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក យ៉ាងដូច្នោះ។
យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក លូកាសិនកូ បានអះអាងយ៉ាងដូច្នេះថា «ប្រសិនបើរុស្ស៉ីសម្រេចចិត្តចង់ប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅបេឡារុស ខ្ញុំប្រាកដក្នុងចិត្តថា រុស្ស៉ីនឹងប្រឹក្សាយោបល់ជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន គឺពួកយើង។ ប្រសិនបើខ្ញុំឬប្រជាជនយើង ឬប្រទេសយើងទាំងមូល មិនចង់បានអ្វីមួយ មានន័យថា រឿងនោះនឹងមិនកើតឡើងទេ»។ លោក លូកាសិនកូ បានបន្តថា ពុំមាននរណាចង់ប្រើអាវុធនុយក្លេអ៊ែរ វាយប្រហារលើសហរដ្ឋអាមេរិក និងមហាអំណាចនៅអឺរ៉ុបឡើយ ដោយលោកសង្កត់ធ្ងន់ថា ពួកវាគឺសម្រាប់ការការពារខ្លួនសុទ្ធសាធ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានរិះគន់ ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចរបស់លោក ពូទីន ប៉ុន្តែបានអះអាងថា មិនមានផែនការផ្លាស់ប្តូរគោលជំហរ នៃអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តរបស់ខ្លួននោះទេ ហើយក៏មិនបានប្រទះឃើញសញ្ញាណាមួយ ដែលបង្ហាញថា រុស្ស៉ីកំពុងត្រៀមលក្ខណៈប្រើប្រាស់អាវុធនុយក្លេអ៊ែរដែរ៕