(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) នឹងចូលរួមក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសជាសមាជិកអង្គការណាតូ (NATO) ដ៏ទៃទៀត ក្នុងប្រទេសលីទុយអានី នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីរំលឹកដល់សម្ព័ន្ធភាពដែលផ្តោតលើអ៊ុយក្រែន និងជំរុញការយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ចិន និងរុស្ស៉ីនៅក្នុងតំបន់អាស៊ី ដែលជប៉ុនមើលឃើញថាជាការគំរាមកំហែងដល់សន្តិសុខពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចលើកទីពីររបស់ លោក គីស៉ិដា ទៅកាន់ការជួបជុំរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង រួមជាមួយនិងមេដឹកនាំកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ កើតមានឡើងចំពេលដែលទីក្រុងតូក្យូ បង្កើនការចំណាយលើវិស័យការពារជាតិទ្វេដង ដើម្បីរារាំងកងកម្លាំងចិន រុស្ស៉ីនៅក្នុងដែនទឹក និងអាកាសជុំវិញប្រទេសជប៉ុន។ អស់រយៈពេលមួយឆ្នាំកន្លងមកនេះ លោក គីស៉ិដា តែងបានជំរុញដល់ប្រទេសដែលមានគំនិតដូចគ្នា ឲ្យរួបរួមគ្នា ហើយព្រមានថាសង្រ្គាមដូចនៅអ៊ុយក្រែនក៏អាចផ្ទុះឡើងនៅតំបន់អាស៉ីបូព៌ាដែរ ប្រសិនបើចិនប្រើកម្លាំងយោធាលើតៃវ៉ាន់។
លោក មីឈីតូ ស្យុរូអូកា (Michito Tsuruoka) ដែលអ្នកជំនាញរបស់អង្គការណាតូនៅសាកលវិទ្យាល័យកៃអូ (Keio) បានគូសបញ្ជាក់ថា «ជប៉ុននឹងនិយាយអំពីគោលការណ៍ដូចជា បូរណភាពទឹកដី ប៉ុន្តែសារទៅកាន់អឺរ៉ុបគឺ កុំភ្លេចឥណ្ឌូប៉ាស៊ីហ្វិក ទោះបីជាស្ថានភាពជាមួយរុស្ស៉ីមានការលំបាកយ៉ាងណាក៏ដោយ»។
គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍វាយតម្លៃសន្តិសុខជាតិប្រចាំឆ្នាំថ្មីចុងក្រោយបំផុតរបស់ខ្លួន ជប៉ុនបានពិពណ៌នាពីការហ៊ុព័ទ្ធដោយតួអង្គប្រដាប់អាវុធនុយក្លេអ៊ែរ រួមទាំងចិន កូរ៉េខាងជើង និងរុស្ស៉ី ដែលជាអ្នកជិតខាងរបស់សមាជិកណាតូចំនួន ៦។ ទីក្រុងតូក្យូ មានការព្រួយបារម្ភអំពីការធ្លាក់ចូលទៅក្នុងជម្លោះលើកោះតៃវ៉ាន់ ដែលមានចម្ងាយត្រឹមតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះពីប្រទេសរបស់ខ្លួន៕