(ប្រាក)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឲ្យមេដឹកនាំនៃប្រទេសជាសមាជិកអង្គការណាតូ (NATO) ចាត់វិធានការជាក់ស្តែងឆ្ពោះទៅរកសមាជិកភាពអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូល ដែលគ្រោងនឹងរៀបចំនៅសប្តាហ៍ក្រោយក្នុងទីក្រុងវីលនីញូស នៃប្រទេសលីទុយអានី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។
ការអំពាវរបស់លោក ហ្សេលេនស្គី បានធ្វើឡើងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប្រាក (Prague) របស់សាធារណរដ្ឋឆែក ហើយដែលលោកប្រធានធិបតី ផេតធឺ ប៉ាវេល (Petr Pavel) បានបង្ហាញការគាំទ្រចំពោះការស្នើសុំរបស់ទីក្រុងកៀវ ដើម្បីក្លាយជាសមាជិករបស់បក្សសម្ព័ន្ធយោធាណាតូ។ អ៊ុយក្រែនកំពុងស្វែងរកការបញ្ជាក់ច្បាស់លាស់ពីអង្គការណាតូ ក្នុងកិច្ចប្រជុំកំពូលពីថ្ងៃទី ១១ដល់ថ្ងៃទី ១២ ខែកក្កដា ថាខ្លួនអាចចូលរួមជាមួយសម្ព័ន្ធមិត្តយោធានេះបាន នៅពេលដែលសង្រ្គាមបិទបញ្ចប់។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីឆែក លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «យើងកំពុងនិយាយអំពីសញ្ញាច្បាស់លាស់ ឬការបញ្ជាក់ណាមួយអំពីសមាជិកភាពរបស់យើង។ យើងត្រូវការការលើកទឹកចិត្ត និងភាពស្មោះត្រង់ក្នុងទំនាក់ទំនងរបស់យើង»។ ចំណែក លោក ប៉ាវេល បាននិយាយយ៉ាងដូច្នេះថា «ចំណុចនេះគួរតែត្រូវបានបញ្ជាក់ឲ្យច្បាស់ថា អ៊ុយក្រែនអាចក្លាយជាសមាជិកណាតូបានភ្លាមៗនៅពេលបញ្ចប់សង្រ្គាម»។
គួរបញ្ជាក់ថា សាធារណរដ្ឋឆែក ដែលជាសមាជិកអង្គការណាតូ គឺជាអ្នកគាំទ្រអ៊ុយក្រែនយ៉ាងរឹងមាំចាប់តាំងពីរុស្ស៉ីបើកការឈ្លានពាននៅខែកុម្ភៈ ឆ្នាំ២០២២ ដោយបានផ្គត់ផ្គង់នូវសម្ភារយោធា និងជំនួយផ្សេងៗទៀត៕