(ឡុងដ៏)៖ ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសផែនការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងប្រឆាំងនឹងអ៉ីរ៉ង់ ជុំវិញការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស និងសកម្មភាពអរិភាពប្រឆាំងនឹងគូប្រជែងនៅលើទឹកដីរបស់អង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។
ទណ្ឌកម្មថ្មីនេះនឹងពង្រីកការពិន័យដែលមានស្រាប់ ដោយបង្កើតលក្ខណៈវិនិច្ឆ័យថ្មីចំពោះបុគ្គល និងអង្គភាពផ្សេងទៀតរបស់អ៉ីរង់ ដែលចូលរួមក្នុងសកម្មភាពបំផ្លាញសន្តិភាព ស្ថិរភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា ក៏ដូចជាអន្តរជាតិ និងការប្រើប្រាស់ ចែកចាយបច្ចេកវិទ្យាផលិតអាវុធពីអ៉ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជេមស៍ ក្លេវើលី (James Cleverly) បានគូសបញ្ជាក់ថា «របបដឹកនាំអ៉ីរ៉ង់កំពុងគាបសង្កត់ប្រជាជនរបស់ខ្លួន ជំរុញការបង្ហូរឈាមគ្នានៅអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា គំរាមកំហែងសម្លាប់ និងចាប់ពង្រត់នៅលើទឹកដីចក្រភពអង់គ្លេស។ ដូច្នេះ អង់គ្លេសសូមផ្ញើសារច្បាស់លាស់មួយទៅកាន់របបនេះ ថាយើងនឹងមិនអត់ឱនចំពោះអាកប្បកិរិយាអាក្រក់ទាំងអស់នេះឡើយ។ នីតិវិធីនៃទណ្ឌកម្មថ្មីរបស់យើងធានាថា គ្មានកន្លែងណាអាចលាក់ខ្លួនសម្រាប់អ្នកដែលចង់ធ្វើបាបយើងឡើយ»។
គួរបញ្ជាក់ថា ទីក្រុងឡុងដ៍ បានចោទប្រកាន់អ៉ីរ៉ង់ពីការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្លាប់ ឬចាប់ពង្រត់អ្នកដែលដឹងរឿងរាវនៃរបបរបស់ខ្លួនទាំងនៅអង់គ្លេសផងដែរ។ គិតចាប់តាំងពីដើមឆ្នាំ ២០២៣មក អង់គ្លេសបានបង្កកទ្រព្យសម្បត្តិ និងដាក់បម្រាមធ្វើដំណើរ ទាំងចំពោះមេបញ្ជាការកងឆ្មាំបដិវត្តន៍ (IRGC) និងអគ្គរដ្ឋអាជ្ញារបស់ទីក្រុងតេអេរ៉ង់ ដោយលើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស៕