(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បានច្រានចោលការពិពណ៌នាដែលចាត់ទុកថាលោកជា មេដឹកនាំផ្ដាច់ការចុងក្រោយគេបំផុតនៅក្នុងតំបន់អឺរ៉ុប ជាមួយការសង្កត់ធ្ងន់ថាលោកមិនមែនជាជនផ្ដាច់ការនោះទេ ប៉ុន្តែបើទោះជាលោកជាជនផ្ដាច់ការក៏ដោយ ក៏មិនមែនចុងក្រោយគេបំផុតនោះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។
លោក លូកាសិនកូ មានអាយុ ៦៨ឆ្នាំ បានដឹកនាំប្រទេសបេឡារុសជាមួយនយោបាយកណ្ដាប់ដៃដែក ចាប់តាំងពីឆ្នាំ១៩៩៤មក ហើយក្នុងបទសម្ភាសន៍មួយ ជាមួយ Reuters ក្នុងឆ្នាំ២០១២ មេដឹកនាំបេឡារុសរូបនេះក៏ធ្លាប់បានបង្ហាញអារម្មណ៍ពេញចិត្តនឹងកេរ្តិ៍ឈ្មោះល្បីល្បាញដែលត្រូវបានគេហៅថាជាមេដឹកនាំ ផ្ដាច់ការចុងក្រោយគេបំផុតនៅអឺរ៉ុបផងដែរ។
នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដានេះ ថាតើលោកគិតបែបណាចំពោះការពិពណ៌នាបែបនេះ និង ថាតើលោកមានអារម្មណ៍យ៉ាងណាចំពោះអ្វីដែលអាចនឹងកើតឡើងនៅក្នុងប្រទេសបេឡារុស ក្រោយការដឹកនាំរបស់លោក? លោក លូកាសិនកូបាននិយាយថា អ្នកសារព័ត៌មានគួរតែសុំទោសរូបលោក សម្រាប់ការសួរសំណួរបែបនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯជំនួបមួយ ក្នុងវិមានឯករាជ្យរបស់បេឡារុស លោក លូកាសិនកូ បានគូសបញ្ជាក់ដូច្នេះថា «ពាក់ព័ន្ធនឹងមេដឹកនាំផ្ដាច់ការចុងក្រោយគេបំផុតរបស់អឺរ៉ុប អ្នកគួរតែសុំទោសខ្ញុំនៅថ្ងៃនេះ។ ខ្ញុំមិនមែនជាជនផ្ដាច់ការ នោះទេ ហើយបើទោះខ្ញុំជាជនផ្ដាច់ការ ក៏មិនមែនចុងក្រោយគេបំផុតនោះដែរ»។
គួរបញ្ជាក់ថា បើតាមលោក លូកាសិនកូ ចំនួនអ្នកទោសក្នុងប្រទេសបេឡារុសបានថយចុះពី ៥០,០០០នាក់ មកនៅត្រឹមតែ ២២,០០០នាក់ ចាប់តាំងពីលោក ឡើងកាន់អំណាចដឹកនាំប្រទេសអស់រយៈពេលជិត ២៩ឆ្នាំមកនេះ។ ប៉ុន្តែ ក្រុមបណ្ដាប្រទេសលោកខាងលិចបានចោទប្រកាន់ថារដ្ឋាភិបាលលោក លូកាសិនកូ បានបង្ក្រាបយ៉ាងចាស់ដៃលើគណបក្សប្រឆាំង និងអ្នកដែលហ៊ានរិះគន់ការកាន់អំណាចរបស់លោក៕