(ម៉ាឌី្រដ)៖ ជនអន្តោប្រវេសន៍យ៉ាងហោច ៩៥១នាក់ ក្នុងនោះរួមមានកុមារ ៤៩នាក់ បានស្លាប់ ក្នុងពេលកំពុងព្យាយាមធ្វើដំណើរតាមសមុទ្រឆ្ពោះទៅកាន់ ប្រទេសអេស្ប៉ាញ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៣នេះ។ នេះបើតាមអង្គការសិទ្ធិមនុស្សដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។

អង្គការសិទ្ធិមនុស្ស កាមីណាន់ដូ ហ្រ្វុនទែរ៉ាស់ (Caminando Fronteras) នៅក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឱ្យដឹង ទៀតថាអ្នកដែលបានបាត់បង់ជីវិតគឺជាជនអន្តោប្រវេសន៍មកពីប្រទេសចំនួន១៤ រួមមានអាល់ហ្សេរី កាម៉េរូន កូម៉ូរ៉ូស សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេត្យូពី ហ្គេណេ អេក្វាទ័រ ម៉ាលី ម៉ារ៉ុក ហ្កំាប៊ី សេណេហ្កាល់ ស្រីលង្កា ស៊ូដង់ និងស៊ីរី។

គួរបញ្ជាក់ថា បើតាមអង្គការ Caminando Fronteras ក្នុងពេលកន្លះឆ្នាំមកនេះ គិតជាមធ្យម មានជនអន្តោប្រវេសន៍ ៥នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ ក្នុងពេលព្យាយាមធ្វើដំណើរតាមសមុទ្រ ដោយពួកគេធ្វើដំណើរតាមផ្លូវសមុទ្រផ្សេងៗគ្នា ហើយផ្លូវសមុទ្រឆ្លងកាត់កោះ Canary ចូលទៅកាន់ប្រទេស អេស្ប៉ាញ គឺជាផ្លូវមរណៈមួយសម្រាប់ជនអន្តោប្រវេសន៍ ដោយមានមនុស្ស ៧៧៨នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុលិចទូកចំនួន២៨ករណី៕