(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក មានផែនការបញ្ជូន «គ្រាប់បែកចង្កោម» ទៅឱ្យអ៊ុយក្រែនដើម្បីប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងឈ្លានពាន រុស្ស៉ី បើទោះជាមានការជំទាស់ពីអង្គការសិទ្ធិមនុស្សក៏ដោយ តែអាវុធប្រភេទនេះអាចនឹងផ្ដល់ថាមពលបន្ថែមដល់ប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ៣នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា កញ្ចប់ជំនួយអាវុធថ្មីទំហំ ៨០០លានដុល្លារសម្រាប់អ៊ុយក្រែន ដែលក្នុងនោះនឹងរួមមានបញ្ចូលគ្រាប់បែកចង្កោមបាញ់ចេញពីកាណុងកាំភ្លើងធំ Howitzer ១៥៥មីលីម៉ែត្រ គ្រោងនឹងត្រូវប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ សេតវិមាន ធ្លាប់បាននិយាយថាការបញ្ជូនគ្រាប់បែកចង្កោមទៅឱ្យ អ៊ុយក្រែន កំពុងស្ថិតនៅក្រោមការពិចារណាយ៉ាងល្អិតល្អន់ តែមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយត្រូវបានប្រកាសនោះទេ ហើយគ្រាប់បែកចង្កោម នេះអាចនឹងក្លាយជាប្រធានបទក្ដៅមួយនៅពេលដែលលោកប្រធានាធិបតី ចូ បៃដិន ចូលរួមក្នុងកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសលីទុយអានី នៅសប្ដាហ៍ក្រោយ។
គួរបញ្ជាក់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក កុំផ្គត់ផ្គង់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន។ ខណៈប្រទេសជាង១២០ បាននាំគ្នាចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិ ដែលហាមឃាត់ការប្រើប្រាស់ គ្រាប់បែកចង្កោម រុស្ស៉ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក គឺស្ថិតក្នុងចំណោមក្រុមប្រទេស ដែលមិនបានចុះហត្ថលេខាឡើយ៕