(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា អ្នកការទូតហ្វាំងឡង់ចំនួន ៩នាក់នៅក្រុងម៉ូស្គូ និងនៅស្ថានអគ្គកុងស៊ុលនៅទីក្រុង St. Petersburg ជាបុគ្គលដែលរុស្ស៊ីមិនអាចទទួលយកបាន "personae non gratae" ដោយហៅចំណាត់ការនេះជាការសងសឹក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងការបរទេសបាននិយាយថា ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅប្រទេសរុស្ស៊ី លោក Antti Hrantla ត្រូវបានកោះហៅនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានជូនដំណឹងអំពីការបណ្តេញអ្នកការទូតទាំងនោះ។

សេចក្តីថ្លែងការណ៍បាននិយាយថា ការសម្រេចចិត្តនេះបានធ្វើឡើងជាការឆ្លើយតបទៅនឹងការបណ្តេញអ្នកការទូតរុស្ស៊ី ៩នាក់កាលពីពេលថ្មីៗនេះរបស់ប្រទេសហ្វាំងឡង់។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយទៀតថា ប្រទេសរុស្ស៊ីក៏បានសម្រេចចិត្តបិទស្ថានកុងស៊ុលហ្វាំងឡង់នៅទីក្រុង St Petersburg ផងដែរ ដោយចោទប្រកាន់ប្រទេសនេះថាបានបន្តគោលនយោបាយ «ប្រឈមមុខដាក់គ្នា» ចំពោះទីក្រុងម៉ូស្គូ៕