(វ៉ាស៊ីនតោន)៖ ការផ្លោងសម្ដីរិះគន់ដាក់គ្នាទៅវិញទៅមករវាងចិន និងកូរ៉េខាងត្បូង បានកើនឡើងគួរឱ្យកត់សម្គាល់កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ក្នុងបរិបទដែលរដ្ឋបាលលោកប្រធានាធិបតី Yoon Suk Yeol កំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក។ ចិន កន្លងមក តែងតែ ចាត់ទុកកូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តដ៏ទន់ខ្សោយមួយ ក្នុងចំណោមសម្ព័ន្ធមិត្តអាស៊ីរបស់ទីក្រុងវ៉ាស៊ីនតោន និងងាយស្រួលល្បួងដោយប្រើប្រយោជន៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីបង្កការខ្វែងគំនិតគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។
* អ្វីទៅជាសញ្ញាប្រេះឆារវាងចិន និងកូរ៉េខាងត្បូង?
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរិះគន់កូរ៉េខាងត្បូងជាបន្តបន្ទាប់ សម្រាប់ការចូលរួមក្នុងគំនិតផ្ដួចផ្ដើមជាច្រើនរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំង ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) ក្រុមប្រទេស «Chip 4» ដែលក្នុងនោះរួមមានទាំងជប៉ុន និងតៃវ៉ាន់ ចាប់តាំងពីលោក Yoon Suk Yeol បានឡើងកាន់អំណាច កាលពីខែឧសភា ឆ្នាំ២០២២។
ការប្រេះឆារវាងចិន និងកូរ៉េខាងត្បូង កាន់តែរីកធំឡើង ក្នុងខែមីនាកន្លងទៅ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយចិនចាប់ផ្ដើមបង្កើនការរិះគន់លើការសម្រេចចិត្ត របស់កូរ៉េខាងត្បូង ក្នុងការផ្សះផ្សារទំនាក់ទំនងជាមួយជប៉ុន។ នៅថ្ងៃទី២០ ខែមេសា រដ្ឋាភិបាលចិនបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងឆ្លើយតបទៅនឹង ការអត្ថាធិប្បាយរបស់លោក Yoon ដែលបានលើកឡើងថាជម្លោះណាមួយក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺជាបញ្ហាសន្តិសុខអន្តរជាតិ។ ចិនបានដាក់កំណត់ ទូតតវ៉ាជាផ្លូវការដោយព្រមានកូរ៉េខាងត្បូងកុំឱ្យបោះបង់ចោល «គោលនយោបាយចិនតែមួយ»។
ភាពតានតឹងរវាងប្រទេសទាំង ២ បានអូសបន្លាយមកដល់ចំណុចកាន់តែក្ដៅ នៅថ្ងៃទី៨ ខែមិថុនា ក្រោយឯកអគ្គរដ្ឋទូតចិនប្រចាំកូរ៉េខាងត្បូង លោក Xing Haiming បានធ្វើការកត់សម្គាល់ជាសាធារណៈថា «អ្នកដែលបន់ស្រន់ឱ្យចិនបរាជ័យ នឹងត្រូវសោកស្ដាយចំពោះការសម្រេចចិត្តរបស់ខ្លួនឯង នៅពេល អនាគត»។ ការអត្ថាធិប្បាយរបស់លោក Xing ធ្វើឡើងនៅក្នុងជំនួបជាមួយមេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងនៅកូរ៉េខាងត្បូង លោក Lee Jae-myung ដោយបង្កឱ្យមាន «ព្យុះភ្លើងការទូត» នៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈសាធារណៈមតិកូរ៉េខាងត្បូងចាត់ទុកថាការលើកឡើងរបស់ លោក Xing ជាការសម្លុតគំរាមដាក់ទណ្ឌកម្មលើទីក្រុងសេអ៊ូល សម្រាប់ការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។
* តើកូរ៉េខាងត្បូងឆ្លើយតបទៅវិញបែបណា?
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានចេញមុខរិះគន់ដោយផ្ទាល់ចំពោះការអត្ថាធិប្បាយរបស់លោក Xing ដោយចាត់ទុកថាវាជា ការញុះញង់ខាងនយោបាយ ជាជាងការព្យាយាមកសាងស្ពានទំនាក់ទំនងរវាងប្រទេសទាំង២។ តំណាងគណបក្សអំណាចប្រជាជន (People Power Party) ដែលជាបក្សកាន់អំណាចសព្វថ្ងៃថែមទាំងបានអំពាវនាវឱ្យរដ្ឋាភិបាលរបស់លោក Yoon ប្រកាសចាត់ទុកឯកអគ្គរដ្ឋទូតចិនរូបនេះ «ជាជនមិនត្រូវបានស្វាគមន៍» (Persona Non Grata) ទៀតផង។ ភាពល្អក់កករនៃទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងចិន អាចនឹងបង្កផលលំបាកដល់កិច្ចប្រឹងប្រែង ជាយូរណាស់មកហើយ ដើម្បីស្ដារទំនាក់ទំនងប្រកបដោយតុល្យភាព និងការចូលរួមការទូតកម្រិតខ្ពស់រវាងប្រទេសទាំង២។
ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Cho Tae-yong ធ្លាប់បានលើកឡើងជាសាធារណៈពីបំណងនៃរដ្ឋបាលរបស់លោក Yoon ក្នុងការបង្កើត ទំនាក់ទំនងមួយជាមួយចិន ដែលអាចរក្សាបាននូវផលប្រយោជន៍រួម ឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។
* តើភាពតានតឹងនេះមានន័យដូចម្ដេចចំពោះសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង?
នៅក្នុងពេលដែលទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូងមានភាពល្អក់កករ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីពេលថ្មីៗនេះ បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដើម្បីព្យាយាមស្វែងរកមធ្យោបាយគ្រប់គ្រងកុំឱ្យការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ផ្ទុះទៅជា ជម្លោះ។ ប៉ុន្តែ ទោះបីជាក្រុមមន្ត្រីនៃប្រទេសទាំង២ សុទ្ធតែបានអះអាងដូចគ្នាៗពីកិច្ចពិភាក្សាប្រកបដោយភាពស្មោះត្រង់ ទាំងចិន និងទីក្រុងវ៉ាស៊ីនតោន មិនទាន់អាចសម្រេចបានលទ្ធផលជាដុំកំភួន ឬឈានដល់ចំណុចរួមថាតើត្រូវគ្រប់គ្រងការប្រជែងដោយរបៀបណានោះទេ?
ទន្ទឹមគ្នានោះដែរ ភាពតានតឹងរវាងចិន និងកូរ៉េខាងត្បូង ជុំវិញបញ្ហាសន្តិសុខហាក់ដូចជាកាន់តែរីកធំ ហើយការប្រឈមមុខដាក់គ្នាម្ដងម្កាលរវាងទូកនេសាទ ចិន និងកូរ៉េខាងត្បូង កាន់តែធ្វើឱ្យប្រទេសទាំង២មើលមុខគ្នាមិនចំទៅទៀត ខណៈមានសេចក្ដីរាយការណ៍ថាយោធាចិនបានបង្កើនសកម្មភាពចូលក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខ និងដែនកំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូងជាញឹកញាប់។
ទីក្រុងប៉េកាំង ត្រូវបានគេមើលឃើញថាបាន និងកំពុងព្យាយាមបង្កឱ្យមានការបែកបាក់រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង តាមរយៈការដាក់ទណ្ឌកម្ម ឬការពិន័យណាមួយលើទីក្រុងសេអ៊ូល ដែលចង់ងាកទៅកាន់តែជិតទៅរកទីក្រុងវ៉ាស៊ីនតោន។ ក្រុមអ្នកយុទ្ធសាស្ត្រសន្តិសុខកូរ៉េខាងត្បូងតែងតែមានកង្វល់ ជុំវិញការសងសឹករបស់ចិនតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងការសម្រេចចិត្តរបស់កូរ៉េខាងត្បូងកាលពីឆ្នាំ២០១៧ ដែលអនុញ្ញាតឱ្យអាមេរិក ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD នៅលើទឹកដីកូរ៉េខាងត្បូង។ លើសពីនេះទៅទៀត វាក៏មានផងដែរនូវការយល់ឃើញក្នុងចំណោម ប្រជាជនកូរ៉េខាងត្បូង ថាសហរដ្ឋអាមេរិកហាក់ដូចជាមិនបានធ្វើអ្វីទាល់តែសោះដើម្បីការពារកូរ៉េខាងត្បូង ប្រឆាំងនឹងសកម្មភាពរបស់ចិន។
តែទោះជាបែបនេះក្ដី ការសងសឹកថ្មីណាមួយរបស់ចិនប្រឆាំងនឹងកូរ៉េខាងត្បូង អាចនឹងជះឥទ្ធិពលអាក្រក់ដល់ចិនវិញដូចគ្នាដែរ។ បានន័យថាខណៈរដ្ឋបាល លោក Yoon មានប្រយោជន៍ក្នុងការកាត់បន្ថយហានិភ័យ និងការខាតបង់បង្កឡើងដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីចិន ទិសដៅធ្លាក់ចុះនៅក្នុងទំនាក់ទំនង រវាងចិន និងកូរ៉េខាងត្បូង អាចនឹងជួយលុបបំបាត់ក្ដីកង្វល់ និងការជំទាស់ដែលនៅសេសល់របស់ប្រជាជនកូរ៉េខាងត្បូង ជុំវិញការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD។ ពោលគឺវាអាចនឹងធ្វើឱ្យគេមើលឃើញការដាក់ពង្រាយប្រព័ន្ធមីស៊ីល ឬក៏ការពង្រឹងទំនាក់ទំនងត្រីភាគីរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ក្លាយទៅជារឿងធម្មតា។ ជាឧទាហរណ៍ រដ្ឋបាលលោក Yoon អាចនឹងកាន់តែមានទំនោរចង់ចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធខែលប្រឆាំងមីស៊ីលនៅក្នុងតំបន់ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការយោធាពហុភាគី ដែលរឿងទាំងអស់នេះសុទ្ធតែធ្លាប់ត្រូវបានចិនព្យាយាមបញ្ចុះបញ្ចូលឱ្យកូរ៉េខាងត្បូងបោះបង់ចោល ក្នុងកិច្ចចរចាជាច្រើនជាមួយរដ្ឋបាលនៃអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in៕