(ឡុងដ៍)៖ មនុស្ស ៩នាក់ រួមទាំងកុមារ ៧នាក់បានរងរបួស ដែលខ្លះត្រូវបានគេជឿថា មានសភាពធ្ងន់ធ្ងរនៅថ្ងៃព្រហស្បតិ៍ (៦ កក្កដា) នេះ នៅពេលដែលរថយន្តមួយគ្រឿង បានបុកចូលអគារសាលាបឋមសិក្សាមួយ នៅភាគនិរតីនៃទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣។
អាជ្ញាធរបានឱ្យដឹងថា ឧបទ្ទវហេតុនេះកើតឡើង នៅវេលាម៉ោងប្រហែល ៩ព្រឹក (ម៉ោងក្នុងតំបន់) នៅសង្កាត់ Wimbledon នៅភាគនិរតៃនៃទីក្រុងឡុងដ៍។
សមាជិកសភាក្នុងស្រុក លោក Stephen Hammond បានប្រាប់ BBC ថា ជនរងគ្រោះមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយបានពណ៌នាឧបទ្ទវហេតុនេះថាជា «ភាពសោកសៅ និងសោកនាដកម្មអាក្រក់បំផុតមួយ»។
ទោះជាយ៉ាងណា ប៉ូលីសបាបនិយាយថា ពួកគេមិនបានចាត់ទុកឧបទ្ទវហេតុនៅសាលាឯកជនរបស់ក្មេងស្រីខាងលើ ជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការដើម្បីយល់ពីពីមូលហេតុនៅពីក្រោយហេតុការណ៍នេះ៕