(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានទៅដល់ទីក្រុងប៉េកាំងហើយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីជួបជាមួយមេដឹកនាំចិន ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពតានតឹងបង្កឡើង ដោយបញ្ហាសន្តិសុខ បច្ចេកវិទ្យា និងបញ្ហាផ្សេងៗទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Yellen គ្រោងនឹងផ្តោតលើស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងការទប់ស្កាត់ការរគាំទ្ររបស់ចិនចំពោះរុស្ស៊ី ក្នុងអំឡុងពេលការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន នេះបើយោងតាមន្ត្រីក្រសួងរតនាគារនៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ្នកយកព័ត៌មានមុនដំណើរទស្សនកិច្ចនេះ។

ប្រភពដដែលនេះបានឱ្យដឹងទៀតថា រដ្ឋមន្ត្រីរតនាគារអាមេរិករូបនេះ គ្រោងនឹងជួបជាមួយមន្ត្រីចិន អ្នកជំនួញអាមេរិក និងសាធារណជន។ ប៉ុន្តែទោះយ៉ាងណា ពួកគេមិនបានផ្តល់ព័ត៌មានលម្អិតទេ ដោយគ្រាន់តែដឹងថា លោកស្រី Yellen នឹងមិនជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នោះទេ។

ដំណើរទស្សនកិច្ចនេះ បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ លោក Anthony Blinken កាលពីពេលថ្មីៗនេះ ដែលជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងប៉េកាំងក្នុងរយៈពេលប្រាំឆ្នាំ។ ប្រទេសទាំងពីរបានព្រមព្រៀងរក្សាស្ថិរភាពទំនាក់ទំនង ប៉ុន្តែបានបរាជ័យក្នុងការព្រមព្រៀងលើការកែលម្អទំនាក់ទំនងរវាងយោធាទាំងពីរ។

លោកស្រី Yellen ធ្លាប់បាននិយាយមុននេះថា រដ្ឋាភិបាលទាំងពីរ «អាច និងចាំបាច់ត្រូវស្វែងរកវិធីដើម្បីរស់នៅជាមួយគ្នា» ទោះបីជាមានភាពតានតឹងជុំវិញភូមិសាស្ត្រនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ដោយ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានជួបភាពល្អក់កករខ្លាំង ដែលបង្កឡើងដោយការប្រកួតប្រជែងលើបច្ចកវិទ្យា​ សន្តិសុខ គោលនយោបាយការបរទេសដ៏រឹងមាំរបស់ចិន និងការទាមទារលើសមុទ្រចិនខាងត្បូង និងតំបន់ផ្សេងទៀត។ ហើយទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​តានតឹង​ជា​ពិសេស ​បន្ទាប់ពី​បាឡុង​របស់​ចិន​ត្រូវបាន​បាញ់​ទម្លាក់​លើ​សហរដ្ឋអាមេរិក​កាលពី​ខែកុម្ភៈ​៕