(ហ្សឺណេវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក តេត្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា កត្តាប្រែប្រួលអាកាសធាតុនឹងជំរុញឲ្យមានការកើនឡើងនូវ «រលកកំដៅ» សម្រាប់ឆ្នាំ ២០២៣នេះ ដោយកត់សម្គាល់ទៅលើកម្រិតសីតុណ្ហភាព ដែលបានបំបែកកំណត់ត្រាជុំវិញពិភពលោកក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធសប្តាហ៍នេះ លោក តេត្រូស បានគូសបញ្ជាក់ថា «វិបត្តិអាកាសធាតុ ឥឡូវនេះស្ថិតក្នុងចំណោមកត្តាសំខាន់ដែលកំណត់លទ្ធផលចំពោះសុខភាពមនុស្ស ហើយការឡើងកំដៅផែនដីអាចបង្កើតរលក នៃភាពអត់ឃ្លាន ការធ្វើចំណាកស្រុក និងជំងឺផ្សេងៗ»។
លោក តេត្រូស បានបន្ថែមថា «ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យើងរំពឹងថានឹងមានព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ រួមទាំងគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ និងរលកកំដៅ ដែលទាំងអស់នេះធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស។ ជាក់ស្តែង គ្រោះរាំងស្ងួតកំពុងអូសបន្លាយពេលយូរ ខណៈរលកកំដៅនៅតំបន់អាហ្វ្រិកកណ្តាល បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងររួចមកហើយ ទៅលើសេវាថែទាំសុខភាព។ មនុស្សជិត ៦០លាននាក់ កំពុងគ្មានសុវត្ថិភាពស្បៀងអាហារ»។
គួរបញ្ជាក់ថា រាប់ចាប់តាំងពីរដ្ឋតិចសាស់ សហរដ្ឋអាមេរិកទៅប្រទេសចិន រហូតដល់ទ្វីបអង់តាក់ទិក ក៏ស្ថិតក្នុងការគ្របដណ្តប់ នៃរលកកំដៅខ្លាំងផងដែរ ដោយអ្នកវិទ្យាសាស្ត្រអាកាសធាតុមួយចំនួនបានសន្មត់ថា ជាការឡើងកំដៅផែនដីទាំងមូល និងកើតឡើងដោយសារតែលំនាំបាតុភូតអែល នីណូ (El Nino) ខ្លាំងជាងធម្មតាសម្រាប់ឆ្នាំ ២០២៣នេះ។ El Nino គឺជាវដ្ដនៃអាកាសធាតុតាមកាលកំណត់ ដែលខ្យល់ក្តៅត្រូវបានរុញចេញពីតំបន់ត្រូពិចក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសីតុណ្ហភាព និងរបាយទឹកភ្លៀងនៅជុំវិញពិភពលោក៕