(បែរឡាំង)៖ ក្រុមរដ្ឋអាជ្ញាបានឲ្យដឹងថា ប៉ូលិសអាល្លឺម៉ង់បានចាប់ខ្លួនមនុស្សចំនួន ៧នាក់នៅថ្ងៃព្រហស្បតិ៍នេះ ពីបទសង្ស័យថាបានបង្កើតឡើងនូវអង្គការភេរវករ ក្នុងគោលបំណងធ្វើការវាយប្រហារភេរវកម្ម ស្រដៀងនឹងក្រុម ISIS។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣។
ជនជាតិតួកម៉េនីស្ថាន (Turkmen) តាហ្ស៉ីគីស្ថាន (Tajik) និងកៀហ្ស៉ីស៉ីស្ថាន (Kyrgyz) ត្រូវបានចាប់ខ្លួននៅរដ្ឋន័ររាញ វ៉េសផាលីយ៉ា (North Rhine-Westphalia) ដែលស្ថិតនៅភាគខាងលិចប្រទេសអាល្លឺម៉ង់។ ពួកគេស្គាល់គ្នាជាយូរមកហើយ និងបានចូលមកអាល្លឺម៉ង់តាមរយៈអ៊ុយក្រែន បន្ទាប់ពីសង្គ្រាមបានចាប់ផ្តើមនៅឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញា បានឲ្យដឹងថា ពួកគេបានបង្កើតអង្គការភេរវករមួយ នៅខែមិថុនា ឆ្នាំ២០២២ ហើយកំពុងពិចារណាលើគោលដៅក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជាព្យាយាមទាក់ទងទិញអាវុធ ប៉ុន្តែនៅពេលត្រូវចាប់ខ្លួន ពួកគេនៅមិនមានផែនការច្បាស់លាស់ សម្រាប់ការវាយប្រហារណាមួយនោះទេ។
ដោយឡែក អាជ្ញាធរហូឡង់ នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានចាប់ខ្លួនជនសង្ស័យពីរនាក់បន្ថែមទៀត ដែលជាប់ទាក់ទងនឹងក្រុមនេះ រួមមានបុរសជនជាតិតាហ្ស៉ីគីស្ថាន និងភរិយារបស់គាត់ដែលជាជនជាតិកៀហ្ស៉ីស៉ីស្ថាន ដែលបានរស់នៅក្នុងប្រទេសហូឡង់តាំងពីឆ្នាំ ២០២២។ រដ្ឋអាជ្ញាហូឡង់ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា បុរសនោះត្រូវបានគេសង្ស័យថាជាសមាជិកក្រុម ISIS ហើយបានទទួលបញ្ជាឲ្យរៀបចំការវាយប្រហារ ទោះបីជាផែនការមិនទាន់មានភាពច្បាស់លាស់ក៏ដោយ ។
គួរបញ្ជាក់ថា លើកលែងតែជនជាតិកៀហ្ស៉ីស៉ីស្ថាន ជនសង្ស័យទាំងអស់ក៏ជាប់ចោទពីបទប្រមូលលុយឲ្យក្រុម ISIS ចាប់តាំងពីខែមេសា ឆ្នាំ ២០២២ ហើយបានធ្វើការផ្ទេរលុយនេះម្តងហើយម្តងទៀត ទៅកាន់ក្រុមរបស់ខ្លួននៅឯបរទេស៕