(ប៉េកាំង)៖ បន្ទាប់ពីអង្គការថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញផ្សាយរបាយការណ៍វាយតម្លៃចំពោះ បញ្ហាបង្ហូរទឹកសំណល់នុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្ររបស់ប្រទេសជប៉ុនកាលពីថ្ងៃទី ៤ ខែកក្កដា ប្រជាជនជប៉ុនជាច្រើនសម្គាល់ឃើញថា ការអះអាងរបស់របាយការណ៍នេះដែលថា ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែររបស់ជប៉ុនគឺ "ស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ" តាមពិតទៅ វាមិនគួរឱ្យគេជឿទុកចិត្តបានទេ ។ ក្រុមសង្គមស៊ីវិលនៃប្រទេសកូរ៉េខាងត្បូង ជាច្រើនបានលើកឡើងថា របាយការណ៍នេះមិនអាចធ្វើជា "យ័នការពារ"សម្រាប់ប្រទេសជប៉ុននោះទេ ហេតុនេះហើយ ទង្វើរបស់ជប៉ុនដែលបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រមិនអាចត្រូវចាត់ទុកថាជា"រឿងស្របច្បាប់"បានទេ ។

សូមបញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានប្រកាសពីផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រដោយឯកតោភាគី កាលពីខែមេសា ឆ្នាំ ២០២១ មក ក្រុមប្រកបរបរនេសាទក្នុងស្រុករបស់ជប៉ុន តំបន់នៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងជាដើមសុទ្ធតែ បានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាចំពោះផែនការនេះ ។ ដោយសារបានរងកម្លាំងសម្ពាធយ៉ាងខ្លាំង បានជារដ្ឋាភិបាលជប៉ុនបានអញ្ជើញអង្គការថាមពលបរមាណូអន្តរជាតិ ឱ្យធ្វើការត្រួតពិនិត្យនិងវាយតម្លៃកាលពីខែកញ្ញា ឆ្នាំ ២០២១ ។ បន្ទាប់ពីការងារត្រួតពិនិត្យអស់រយៈពេលពីរឆ្នាំ ទីបំផុត អង្គការ IAEA បានចេញផ្សាយរបាយការណ៍វាយតម្លៃចុងក្រោយ ។ យ៉ាងណាមិញ បើមើលពីខ្លឹមសារអាចឃើញថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ ពីមតិយោបល់របស់អ្នកជំនាញទាំងអស់ដែលចូលរួមការងារវាយតម្លៃនោះទេ ហើយការសន្និដ្ឋានពាក់ព័ន្ធក៏មិនត្រូវបានទទួលស្គាល់ ជាឯកច្ឆន្ទដោយអ្នកជំនាញទាំងអស់នោះដែរ ហេតុនេះហើយ វាមានកម្រិតនិងមិនគ្រប់ជ្រុងជ្រោយ ហើយចេញផ្សាយយ៉ាងទាន់ហន់ ។

ហេតុអ្វីបានជាអ៊ីចឹង? នេះគឺមានទំនក់ទំនងដោយផ្ទាល់ទៅនឹងការដាក់កំហិតគ្រប់បែបយ៉ាងរបស់ប្រទេសជប៉ុន ទៅលើការងារវាយតម្លៃរបស់អង្គការ IAEA ដែលទទួលបានការចោទជាមន្ទិលសង្ស័យយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ បើនិយាយពីមុខងារ អង្គការ IAEA គឺទទួលបន្ទុកសំខាន់ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ប្រកបដោយសុវត្ថិភាព អាចទុកចិត្តបាននិងសន្តិភាព ហើយមិនមែនជាស្ថាប័នសមស្របសម្រាប់វាយតម្លៃ ចំពោះផលប៉ះពាល់រយៈពេលវែងនៃទឹកសំណល់នុយក្លេអ៊ែរ ទៅលើបរិស្ថានសមុទ្រនិងសុខភាពរបស់ជីវសាស្ត្រនោះទេ ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា មូលហេតុដែលរដ្ឋាភិបាលជប៉ុនបានអញ្ជើញអង្គការ IAEA ឱ្យធ្វើការវាយតម្លៃចំពោះផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ខ្លួន គឺលេងកលល្បិចដែលចង់ឱ្យ អង្គការថាមពលបរមាណូអន្តរជាតិធ្វើតាមឆន្ទៈរបស់ខ្លួនតាំងពីដំបូងមក ។

មុនដំបូង ភាគីជប៉ុនបានកំណត់យ៉ាងតឹងរ៉ឹងនូវដែនសមត្ថកិច្ចរបស់អង្គការ IAEA ដោយគ្រាន់តែអនុញ្ញាតឱ្យវាយតម្លៃ ចំពោះផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រប៉ុណ្ណោះ តែមិនអនុញ្ញាតឱ្យវាយតម្លៃចំពោះដំណោះស្រាយផ្សេងទៀតនោះឡើយ ។ ស្ថិតក្នុងសភាពការណ៍បែបនេះ របាយការណ៍នេះពិបាកឆ្លើយតបនឹងការយកចិត្តទុកដាក់យ៉ាងពិត ប្រាកដរបស់សហគមន៍អន្តរជាតិណាស់ ។

បន្ទាប់មក រាល់សំណាកត្រួតពិនិត្យនិងទិន្នន័យពាក់ព័ន្ធទាំងអស់ដែលអង្គការ IAEA ទទួលបាន គឺសុទ្ធតែបានផ្តល់ដោយភាគីជប៉ុន ។ ដោយឡែកប្រវតិ្តសាស្ត្រខ្មៅងងឹតរបស់ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍ធ្លាយនុយក្លេអ៊ែរ បានត្រូវគេលាតត្រដាងថា វាបានបិទបាំងនិងលួចកែទិន្នន័យទឹកសំណល់នុយក្លេអ៊ែរជាច្រើនលើក។ ក្នុងស្ថានភាពបែបនេះ ដោយផ្អែកលើទិន្នន័យ និងព័ត៌មានដែលបានផ្តល់ដោយប្រទេសជប៉ុនដោយឯកតោភាគី អង្គការ IAEA គ្រាន់តែធ្វើការផ្ទៀងផ្ទាត់និងវិភាគ ចំពោះគំរូមួយចំនួនតូចប៉ុណ្ណោះ វាខ្វះខាតយ៉ាងខ្លាំងនូវឯករាជ្យភាព និងភាពជាតំណាងនៃការយកសំណាក។

មិនថាខ្លឹមសារនៃរបាយការណ៍នេះជាអ្វីក៏ដោយ ក៏ការប៉ុនប៉ងរបស់ជប៉ុនក្នុងការបន្តបង្ហូរទឹកសំណល់នុយក្លេអ៊ែររាប់លានតោន ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក្នុងរយៈពេល ៣០ឆ្នាំខាងមុខមិនគួរត្រូវអនុញ្ញាតឱ្យសោះ ។ ដើម្បីសន្សំថវិកា រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបង្ហូរទៅក្នុងសមុទ្រតែម្តង តាមពិតទៅ គឺ ផ្ទេរហានិភ័យនៃការបំពុលដោយ សារធាតុនុយក្លេអ៊ែរដល់មនុស្សជាតិទាំងមូល។

រដ្ឋាភិបាលជប៉ុនគួរតែស្តាប់សំឡេងរបស់ប្រជាជន គោរពវិទ្យាសាស្ត្រ បញ្ឈប់ការអនុវត្តផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ក៏ដូចជាដោះស្រាយបញ្ហាទឹកសំណល់នុយក្លេអ៊ែរ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ មានសុវត្ថិភាពនិងមានតម្លាភាព ហើយទទួលយកការត្រួតពិនិត្យ យ៉ាងតឹងរ៉ឹងពីសហគមន៍អន្តរជាតិ៕

អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន