(ប៉េកាំង)៖ កាលពីថ្ងៃទី ៤ ខែកក្កដា លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើលិខិតឆ្លើយតបចំពោះនិស្សិតបរទេសថ្នាក់ អនុបណ្ឌិតជំនាញសវនកម្មនៃសកលវិទ្យាល័យសវនកម្មក្រុង Nanjing។ លិខិតបានចែងថា ខ្ញុំមានក្តីសោមនស្សរីករាយដែលបានដឹងថា អ្នកទាំងអស់គ្នាបានបង្កើនជំនាញវិជ្ជាជីវៈ និងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រព័ន្ធសវនកម្មរបស់ប្រទេសចិន សង្គមនិយមដែលមានលក្ខណៈពិសេសចិន និងបក្សកុម្មុយនីស្តចិនតាមរយៈការសិក្សានៅថ្នាក់រៀន និងការទៅទស្សនាដោយផ្ទាល់នៅតំបន់នានានៃប្រទេសចិន។

ជានិច្ចកាល ប្រទេសចិនតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះតួនាទីដ៏សំខាន់នៃសវនកម្មក្នុងអភិបាលកិច្ចជាតិ។ បន្ទាប់ពីការខិតខំប្រឹងប្រែង អស់រយៈពេលជាច្រើនឆ្នាំ ប្រទេសចិនបានបង្កើតប្រព័ន្ធសវនកម្មសង្គមនិយម ដែលមានលក្ខណៈពិសេសចិន ដោយបានបង្កើតប្រព័ន្ធត្រួតពិនិត្យសវនកម្ម ដែលមានការបង្រួបបង្រួម គ្របដណ្តប់ដោយគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងពង្រឹងការផ្លាស់ប្តូរ និងរៀនពីគ្នាទៅវិញទៅមកជាមួយមិត្តរួមការងាររបស់ភាគីចិន ស្វែងយល់ច្បាស់ពីប្រទេសចិនតាមរយៈសវនកម្ម ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិននិងបរទេស៕

អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន