(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) ដែលកាលពីខែមុន បានជួយសម្រុះសម្រួល ឱ្យមានកិច្ចព្រមព្រៀងបញ្ចប់សកម្មភាពបះបោរ របស់ក្រុមទាហានស៉ីឈ្នួល Wagner នៅឯប្រទេសរុស្ស៉ី នាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាថៅកែរបស់ Wagner មិនមែនកំពុងស្ថិតនៅបេឡារុសទេ គឺឥឡូវកំពុងនៅប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣។
កាលពីថ្ងៃទី២៧ ខែមិថុនា លោកប្រធានាធិបតីបេឡារុស បានប្រាប់ថា លោក ព្រីហ្គោហ្ស៉ីន បានទៅដល់បេឡារុស នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងខាងលើ។ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបរទេស អំលុងសន្និសីទសារព័ត៌មានមួយ លោក លូកាសិនកូ ហាក់បាននិយាយផ្ទុយយ៉ាងដូច្នេះវិញថា «សម្រាប់លោក ព្រីហ្គោហ្ស៉ីន គឺលោកកំពុងស្ថិតនៅទីក្រុងសាំងភីតស្បឺគ (St Petersburg)។ លោកមិនមែនស្ថិតនៅក្នុងទឹកដីបេឡារុសទេ»។ បើតាមលោក លូកាសិនកូ ក៏មិនទាន់កងកម្លាំង Wagner ត្រូវបានផ្លាស់ទីតាំងទៅកាន់ប្រទេសរបស់លោក ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា លោក ព្រីហ្គោហ្ស៉ីន បានដឹកនាំសមាជិក Wagner រាប់ម៉ឺននាក់ ឆ្ពោះទៅកាន់ទីក្រុងមូស្គូ ដើម្បីផ្តួលរំលំថ្នាក់ដឹកនាំក្រសួងការពារជាតិរុស្ស៉ី ប៉ុន្តែលោកបានបោះបង់ចោលសកម្មភាពបះបោរវិញ ក្រោយឈានដល់ការព្រមព្រៀងគ្នាជាមួយវិមានក្រឹមឡាំង ក្រោមការជួយសម្រុះសម្រួលពីលោក លូកាសិនកូ។ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានយល់ព្រមមិនយកទោសពៃអ្វី លើលោក ព្រីហ្គោហ្ស៉ីន ឡើយ ប៉ុន្តែថៅកែក្រុម Wagner ត្រូវនិរទេសខ្លួនទៅប្រទេសបេឡារុស ហើយសមាជិក Wagner ត្រូវបានផ្តល់ជម្រើសឱ្យទៅបេឡារុសតាមលោក ព្រីហ្គោហ្ស៉ីន ឬមួយចូលរួមក្នុងក្រសួងការពារជាតិរុស្ស៉ី ឬក៏ត្រឡប់ទៅផ្ទះវិញឈប់បម្រើជាកងកម្លាំងរបស់ Wagner តទៅទៀត៕