(ហ៊្សេរុយសាឡិម)៖ មេបញ្ជាការប៉ូលិសរបស់ទីក្រុងតែល អាវីវ (Tel Aviv) លោក អាមី អេស៉ីត (Ami Eshed) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា លោកសម្រេចចិត្តចុះចេញពីតំណែង ដោយសារតែមានកិច្ចអន្តរាគមន៍ផ្នែកយោបាយ ពីសំណាក់សមាជិកនៃគណៈរដ្ឋមន្ត្រីស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងការចង់ឱ្យប្រើកម្លាំងហួសហេតុ លើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣។
ទោះមិនបានបញ្ចេញឈ្មោះ ប៉ុន្តែកន្លងមករដ្ឋមន្ត្រីសន្តិសុខ លោក អ៉ីតាម៉ា បិន ជីវី (Itamar Ben-Gvir) បានទាមទារឲ្យមានចំណាត់ការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងក្រុមបាតុករ ដែលធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាលជុំវិញការរុះរើប្រព័ន្ធតុលាការ។ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់ លោក អេស៉ីត ក្រុមអ្នកតវ៉ារាប់រយនាក់ដែលមានកាន់ទង់ជាតិអ៊ីស្រាអែល និងស្រែករកលទ្ធិប្រជាធិបតេយ្យ បាននាំគ្នាដើរដង្ហែកាត់ពេញទីក្រុង Tel Aviv។
ក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ លោក អេស៉ីត បានគូសបញ្ជាក់ថា «ខ្ញុំពុំអាចធ្វើតាមការរំពឹងទុក របស់ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដែលមិនគោរពបទដ្ឋានអ្វីទាំងអស់ ហើយចូលជ្រៀតជ្រែកក្នុងការសម្រេចចិត្តរបស់មន្រ្តីជំនាញ។ តាមពិតបើចង់ ខ្ញុំអាចបំពេញតាមក្តីរំពឹងទាំងនោះបាន តាមរយៈការប្រើប្រាស់ងកម្លាំងហួសហេតុ ដែលនឹងមើលឃើញបន្ទប់សង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យនៃទីក្រុង Tel Aviv ត្រូវមានមនុស្សដេកពេញ គ្មានកន្លែងទំនេរឡើយ នៅចុងបញ្ចប់នៃសកម្មភាពបាតុកម្មនីមួយៗ។ នេះជាលើកដំបូងហើយក្នុងរយៈពេល៣ទសវត្សរ៍ នៃការបម្រើការងារ ដែលខ្ញុំបានជួបប្រទះនឹងការពិត ដែលមិនសមហេតុផលបែបនេះ»។
គួរបញ្ជាក់ថា កន្លងមក លោក បិន ជីវី បានព្យាយាមស្វែងរកសិទ្ធិអំណាចធំជាងមុនទៅលើកងកម្លាំងប៉ូលិស នៅពេលដែលលោកត្រូវបានជ្រើសតាំង ឲ្យធ្វើជារដ្ឋមន្ត្រីសន្តិសុខជាតិ ដែលមានតួនាទីមើលការខុសត្រូវលើស្ថាប័នប៉ូលិស ខណៈប្រការនេះបានជំរុញឲ្យមានការព្រួយបារម្ភ អំពីឯករាជ្យភាពរបស់ប៉ូលិសនៅក្នុងប្រទេសអ៉ីស្រាអែល៕