(សេអ៊ូល)៖ មន្រ្តីនៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហើបឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងត្បូងកំពុងធ្វើការសម្របសម្រួលគ្នាជាមួយជប៉ុន ដើម្បីរៀបចំឱ្យមានជំនួបពិភាក្សារវាងមេដឹកនាំនៃប្រទេសទាំងពីរ នៅអំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសលីទុយអានី នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣។
លោក គីម តែយ៉ូ (Kim Tae Hyo) ដែលជាអនុទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធីបតីកូរ៉េខាងត្បូង បាននិយាយថា ប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol) នឹងចាកចេញពីទីក្រុងសេអ៊ូល នៅថ្ងៃចន្ទសប្តាហ៍ក្រោយ សម្រាប់ការធ្វើដណើរមួយ ដែលនឹងរួមមានការបំពេញទស្សនកិច្ចនៅប៉ូឡូញផងដែរ។ លោក គីម បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «យើងកំពុងតែសម្របសម្រួលជាមួយភាគីជប៉ុន ដើម្បីរៀបចំកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ជប៉ុនមួយ អំលុងដំណើរទស្សនកិច្ចនៅក្រៅប្រទេសនេះ»។
គួរបញ្ជាក់ថា គម្រោងជំនួបពិភាក្សាខាងលើ ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) គឺទំនងជាដើម្បីជជែកអំពីផែនការបង្ហូរទឹកផ្ទុកកាកសំណល់វិទ្យុសកម្ម ដែលបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរជប៉ុន ហ្វូគូស៉ីម៉ា (Fukushima) ដែលបានរងការខូចខាត ដោយសារស៊ូណាមិកាលពីឆ្នាំ២០១១ ចូលទៅក្នុងមហាសមុទ្រប៉ាស៉ីហ្វិក។ នៅក្នុងសប្តាហ៍នេះ ទីភ្នាក់ងារថាមពលអាតូមិក IAEA របស់អង្គការសហប្រជាជាតិ ទើបតែបានសម្រេចផ្តល់គាំទ្រចំពោះគម្រោងរបស់ទីក្រុងតូក្យូ ក្នុងការធ្វើបែបនោះ។
ដោយឡែក បើតាមការអះអាងលោក គីម តែយ៉ូ លោក យូន ក៏គ្រោងបើកកិច្ចប្រជុំក្នុងទម្រង់ចតុភាគី ជាមួយមេដឹកនាំជប៉ុន អូស្រ្តាលី ហើយនិងនូវែលសេឡង់ផងដែរ នៅក្រៅកិច្ចប្រជុំកំពូល NATO៕