(ញូយ៉ក)៖ នៅថ្ងៃព្រហស្បតិ៍នេះ អង្គការឃ្លាំងមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) បានលើកឡើងនៅក្នុង​របាយការណ៍របស់ខ្លួនថា កងកម្លាំងអ៊ុយក្រែននិងរុស្ស៉ីបានប្រើប្រាស់គ្រាប់បែកចង្កោម ដែលបានសម្លាប់អាយុជីវិតប្រជាជនស្លូតត្រង់នៅអ៊ុយក្រែន ក្នុងសង្រ្គាមរវាងប្រទេសទាំងពីរ ហើយបានអំពាវនាវឱ្យឈប់ប្រើប្រាស់ពួកវាតទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣។

អង្គការ HRW ក៏បានទទូចឱ្យសហរដ្ឋអាមេរិក កុំផ្គត់ផ្គង់អាវុធបែបនោះឱ្យអ៊ុយក្រែនផងដែរ ស្របពេលទីក្រុងវ៉ាស៉ីនតោនកំពុងតែថ្លឹងថ្លែង ថាគួរឬមិនគួរឆ្លើយតបចំពោះ សំណើរបស់ទីក្រុងកៀវ ដែលបានសុំឱ្យផ្តល់ពួកវាដើម្បីយកទៅប្រើប្រាស់ ក្នុងសង្រ្គាមប្រឆាំងការឈ្លានពាន​របស់រុស្ស៉ី។ ខណៈប្រទេសជាង១២០ បាននាំគ្នាចុះហត្ថលេខាលើ សន្ធិសញ្ញាអន្តរជាតិ ដែលហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម រុស្ស៉ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក គឺស្ថិតក្នុងចំណោមក្រុមប្រទេស ដែលមិនបានចុះហត្ថលេខាឡើយ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ HRW អ៊ុយក្រែនបាញ់គ្រាប់រ៉ុក្កែត ដែលផ្ទុកគ្រាប់បែកចង្កោម ទៅលើតំបន់គ្រប់គ្រងដោយរុស្ស៉ី នៅក្នុងនិងជុំវិញទីក្រុងអៃហ៊្សូម (Izium) ភាគខាងកើតប្រទេសកាលពីឆ្នាំមុន បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមសង្រ្គាមឈ្លានពានរបស់ខ្លួន។ ការវាយប្រហាររបស់អ៊ុយក្រែន បានសម្លាប់ប្រជាជនស៉ីវិលយ៉ាងតិច៨នាក់ និងបង្កឱ្យរបួសយ៉ាងហោច១៥នាក់ផ្សេងទៀត នៅទីក្រុង Izium។

រីឯកន្លងមកនេះ អង្គការ HRW ធ្លាប់បានរាយការណ៍ថា ការប្រើប្រាស់គ្រាប់បែកចង្កោមដោយកងកម្លាំងរុស្ស៉ី នៅអ៊ុយក្រែន បានសម្លាប់​ប្រជាជនស៉ីវិលជាច្រើននាក់ ហើយក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក៏ធ្លាប់បានធ្វើកំំណត់ត្រាស្តីពីការប្រើប្រាស់គ្រាប់បែក​ប្រភេទនេះ ដោយអ៊ុយក្រែននិងរុស្ស៉ីផងដែរ៕