(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់លោកនាយករដ្ឋមន្ត្រី អ៊ូល គ្រីស្ទឺសសុន (Ulf Kristersson) នៅថ្ងៃពុធសប្តាហ៍នេះថា លោកកំពុង «ទន្ទឹងរង់ចាំ» ការសម្រេចចិត្តចុងក្រោយ ដើម្បីឲ្យស៊ុយអែតក្លាយជាសមាជិកអង្គការណាតូ ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិចត្រៀមរៀបចំកិច្ចប្រជុំកំពូល នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣។

លោក បៃដិន និយាយថា លោកចង់បញ្ជាក់ម្តងទៀតថា លោកគាំទ្រយ៉ាងពេញទំហឹង ដល់សមាជិកភាពរបស់ស៊ុយអែតនៅក្នុងអង្គការណាតូ ហើយលោកក៏កំពុង ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ចំពោះការផ្តល់សច្ចាប័នលើពាក្យស្នើសុំនេះ។ ចំណែក លោក គ្រីស្ទឺសសុន បានថ្លែងអំណរគុណចំពោះ «ការគាំទ្រដ៏រឹងមាំ» របស់លោក បៃដិន សម្រាប់ការស្នើសុំចូលជាសមាជិកអង្គការ NATO របស់ស៊ុយអែត ដែលតួកគី និងហុងគ្រី កំពុងជំទាស់។

ក្រុមមន្ត្រីលោកខាងលិចសង្ឃឹមថា នឹងអាចស្វាគមន៍ស៊ុយអែតជាផ្លូវការចូលទៅក្នុងប្លុកនេះ មុនពេលកិច្ចប្រជុំកំពូលថ្ងៃអង្គារសប្តាហ៍ក្រោយ។ យ៉ាងនេះក្តី លោក គ្រីស្ទឺសសុន និងលោក បៃដិន មានការយល់ឃើញដូចគ្នាថា កិច្ចប្រជុំកំពូលណាតូដែលនឹងធ្វើឡើងនៅទីក្រុងវីនីញូស របស់ប្រទេសលីទុយអានី គឺពិតជាពេលវេលា សមរម្យសម្រាប់ការចូលរួមរបស់ស៊ុយអែត ប៉ុន្តែមានតែតួកគី ប៉ុណ្ណោះដែលអាចសម្រេចបាន។ ដោយឡែក ហុងគ្រីឯណោះវិញក៏បានបង្ហាញថា ខ្លួននឹងធ្វើតាម ការសម្រេចចិត្តរបស់តួកគីក្នុងដំណើរការនេះ។

គួរបញ្ជាក់ថា អ្នកការទូតកំពូលៗរបស់តួកគី និងស៊ុយអែតនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) នៅឯទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ក្នុងទីក្រុងព្រុចសែល ប្រទេសស្វីស ដើម្បីជជែកគ្នាបន្តជុំវិញបញ្ហានេះ៕