(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន បានឲ្យថា ប៉ូលិស ២នាក់បានរងរបួសនៅក្នុងតុលាការស្រុកនៃទីក្រុងកៀវ កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈបុរសម្នាក់ដែលត្រូវបានគេនាំ ខ្លួនឡើងសវនាការបានបំផ្ទុះខ្លួនឯង ហើយបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣។
យ៉ាងហោចណាស់មានការផ្ទុះពីរលើកនៅតុលាការស្រុកសេវឆិនកៀវយី (Shevchenkivskyi) របស់ទីក្រុងកៀវ។ រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន លោក អ៉ីហ្គ័រ គ្លីមិនកូ (Igor Klymenko) បានគូសបញ្ជាក់ថា «ជនល្មើសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ។ យោងតាមព័ត៌មានបឋម គឺគាត់បានបំផ្ទុះសម្លាប់ខ្លួនឯង»។ លោក គ្លីមិនកូ បានបន្ថែមថា «មន្ត្រីអនុវត្តច្បាប់ពីរនាក់បានរងរបួស ខណៈដែលពួកគេបានសម្រុកចូលបរិវេណនោះ។ ជីវិតរបស់ពួកគេត្រូវបានសង្គ្រោះដោយ របាំងការពារខ្លួន»។
ជនសង្ស័យមានឈ្មោះ អ៉ីហ្គ័រ ហ្កាំមិនយុក (Igor Gumenyuk)។ រូបគេត្រូវបានឃុំខ្លួនក្នុងឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការស្លាប់របស់ឆ្មាំជាតិ ៤នាក់។ បើតាមការិយាល័យ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន មុនពេលនាំទៅកាន់សវនាការនៅតុលាការ ជនសង្ស័យក៏បានព្យាយាមគេចចេញពីក្នុងបន្ទប់រង់ចាំផងដែរ។
គួរបញ្ជាក់ថា សន្តិសុខក្នុងទីក្រុងកៀវ ត្រូវបានរឹតបន្តឹងចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ហើយការដាក់បម្រាមគោចរ នៅតែមាននៅពេលយប់៕