(តូក្យូ)៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលហៅកាត់ថា IAEA កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានផ្តល់ការធានាសុវត្ថិភាពជាថ្មីម្តងទៀត លើផែនការ របស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកដែលឆ្លងកាត់ការចម្រោះសារធាតុវិទ្យុសកម្មរួចរាល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក បើទោះជាមានការបង្ហាញក្ដីព្រួយបារម្ភយ៉ាងពីសំណាក់ប្រទេសចិន និងប្រទេសជិតខាងមួយចំនួនក៏ដោយ។ នេះបើយោងតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo។

នៅក្នុងរបាយការណ៍មួយរបស់ប្រធាន IAEA លោក Rafael Grossi ទៅកាន់នាយករដ្ឋមន្ត្រីតូក្យូ លោក Fumio Kishida ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់ អង្គការសហប្រជាជាតិមួយនេះ បានសន្និដ្ឋានថា ផែនការបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima «បានអនុលោមតាមបទដ្ឋានសុវត្ថិភាពស្ដង់ដារ អន្តរជាតិ ហើយនឹងមានផលប៉ះពាល់វិទ្យុសកម្មតិចតួចបំផុតចំពោះមនុស្ស និងបរិស្ថាន»

នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida បាននិយាយថា ប្រទេសជប៉ុននឹងឆ្លើយតបទៅនឹងលទ្ធផលនៃការពិនិត្យនេះ «ដោយភាពស្មោះត្រង់» ហើយនឹងបន្ត ពន្យល់ ពីផែនការរបស់ខ្លួនដល់ប្រជាជនដែលរងផលប៉ះពាល់ និងសហគមន៍អន្តរជាតិ ជាមួយនឹងតម្លាភាពកម្រិតខ្ពស់។ លោក Kishida បានសង្កត់ថា «យើង នឹងមិនអនុញ្ញាតឱ្យមានការបំភាយឧស្ម័នដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងបរិស្ថាននោះទេ» ហើយរដ្ឋាភិបាលជប៉ុនគ្រោងនឹងសិក្សាការវាយតម្លៃ របស់ IAEA មុនពេលធ្វើការសម្រេចចិត្តចុងក្រោយថា តើពេលណាត្រូវចាប់ផ្តើមបញ្ចេញទឹកនេះ។

គួរបញ្ជាក់ថា បរិមាណទឹកកខ្វក់ដ៏ច្រើន ត្រូវបានបង្កើតនៅក្នុងដំណើរការនៃការធ្វើឱ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រ។ ទឹកទាំងនោះត្រូវបានរក្សាទុកនៅក្នុងធុងជាង ១,០០០ធុង ដែលបានដំឡើងនៅនឹងកន្លែង បន្ទាប់ពីឆ្លងកាត់ប្រព័ន្ធចម្រោះយកសារធាតុវិទ្យុសកម្មភាគច្រើនចេញ លើកលែងតែសារធាតុទ្រីត្យូម (tritium) ប៉ុន្តែធុងស្តុកទាំងនោះគឺជិតអស់សមត្ថភាពផ្ទុកហើយ។ សារធាតុទ្រីត្យូមនេះ បើតាមការអះអាងអ្នកជំនាញមួយចំនួនគឺមានផលប៉ះពាល់តិចតួច ប៉ុណ្ណោះដល់ មនុស្ស និងបរិស្ថាន។

ទោះជាយ៉ាងណា ផែនការបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នេះមានភាពប្រទាំងប្រទិសខ្លាំងជាមួយប្រទេសជិតខាង ជាពិសេស ជាមួយប្រទេសចិន ដែលបានជំទាស់ចំពោះផែនការនេះ រួមទាំងសហគមន៍នេសាទជប៉ុននៅ Fukushima ផងដែរ ដោយពួកគេបង្ហាញការព្រួយបារម្ភ ចំពោះសារធាតុវិទ្យុសកម្មនៅក្នុងទឹកដែលអាចបង្កផលប៉ះពាល់ដល់ទឹកសមុទ្រ និងជីវិតសត្វសមុទ្រជាដើម៕