(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាការយឺតយ៉ាវរបស់លោកខាងលិចក្នុងការបញ្ជូនអាវុធមកអ៊ុយក្រែន បានធ្វើឱ្យ ផែនការបើកប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ីត្រូវពន្យារពេល ហើយទុកឱកាសសម្រាប់រុស្ស៉ីពង្រឹងខ្សែការពារក្នុងតំបន់ដែលពួកគេកំពុងកាន់កាប់ ក្នុងនោះរួមជាមួយទាំងការដាក់ពង្រាយគ្រាប់មីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣។
លោក ហេ្សលេនស្គី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដែលចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ជាមួយការបញ្ជាក់ថា លោកផ្ទាល់ចង់បើកប្រតិបត្តិការវាយបកឱ្យបានលឿនបំផុត ពោលគឺលឿនជាងប្រតិបត្តិការវាយបកដែលបានចាប់ផ្ដើមកាលពីដើមខែមិថុនាទៅទៀត។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំចង់បើកប្រតិបត្តិការវាយបក ឱ្យបានលឿនបំផុត ពីព្រោះមនុស្សគ្រប់គ្នាសុទ្ធតែដឹងថាប្រសិនបើ ប្រតិបត្តិការនេះត្រូវពន្យារពេល នោះទឹកដីរបស់យើងមួយផ្នែកធំនឹងមានសុទ្ធតែគ្រាប់មីន»។ លោក ហ្សេលេនស្គីបន្ថែមទៀតថា «យើងបានផ្ដល់ពេលវេលាឱ្យ សត្រូវរបស់យើងក្នុងការដាក់ពង្រាយគ្រាប់មីន និងពង្រឹងខ្សែការពាររបស់ពួកគេ»។
គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី ភាពលំបាកនៅលើសមរភូមិបានបង្ខំឱ្យកងកម្លាំងអ៊ុយក្រែន ត្រូវបន្ថយល្បឿនប្រតិបត្តិការវាយបក ដែលមាន គោលដៅដណ្ដើមយកទឹកដីរបស់ខ្លួនដែលកងកម្លាំងរុស្ស៉ីកំពុងកាន់កាប់ ក្នុងតំបន់ភាគខាងត្បូង និងភាគខាងកើត ត្រឡប់មកវិញ៕