(វីយែន)៖ ក្រុមអ្នកជំនាញមកពីទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលឈរជើងនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គ្រប់គ្រងដោយរុស្ស៉ី ក្នុងប្រទេសអ៊ុយក្រែន មិនបានសង្កេតឃើញមានការដាក់បង្កៃគ្រាប់មីន ឬសញ្ញានៃគ្រោះថ្នាក់ផ្ទុះណាមួយនៅឯរោងចក្រនេះនោះទេ ប៉ុន្តែ ត្រូវការជាចាំបាច់នូវការអនុញ្ញាតបន្ថែមឱ្យចូលទៅក្នុងរោងចក្រ ដើម្បីបញ្ជាក់ឱ្យច្បាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣។
រុស្ស៉ី និងអ៊ុយក្រែន នៅថ្ងៃអង្គារសប្ដាហ៍នេះបានចោទប្រកាន់គ្នាទៅវិញទៅមក ពីផែនការដឹកនាំការវាយប្រហារមួយលើរោងចក្រ Zaporizhzhia ដែលជា រោងចក្រនុយក្លេអ៊ែរធំបំផុតក្នុងតំបន់អឺរ៉ុប ស្របពេលដែលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានព្រមានម្ដងហើយម្ដងទៀតពីគ្រោះមហន្តរាយ ដែលអាចនឹងផ្ទុះឡើងគ្រប់ពេលវេលាដោយសារតែការវាយប្រយុទ្ធគ្នាក្បែររោងចក្រនេះ។
គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់ IAEA កើតមានឡើង បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចេញសេចក្ដីថ្លែងការណ៍មួយដោយអះអាងថា មានគ្រឿងផ្ទុះត្រូវបានគេដាក់បង្កៃនៅលើដំបូលនៃរ៉េអាក់ទ័រមួយចំនួន។ ក្រសួងការពារជាតិអង់គ្លេស កាលពីខែមេសាកន្លងទៅ ក៏ធ្លាប់បានឱ្យដឹងដោយផ្អែក លើរូបភាពផ្កាយរណបកាលពីខែមីនាដែរថា រុស្ស៉ីបានរៀចំបាវខ្សាច់ជាច្រើនជាមូលដ្ឋានការពារនៅលើដំបូលនៃរ៉េអាក់ទ័រចំនួន ៦ នៅឯរោងចក្រនុយក្លេអ៊ែរ Zaporizhzhia៕