(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឱ្យដឹងថាកងកម្លាំងរបស់ខ្លួន បានទប់ស្កាត់ទាន់ពេលវេលាមិនឱ្យកងកម្លាំងជើងទឹកអ៉ីរ៉ង់ រឹបអូសកប៉ាល់ ដឹកប្រេង ២គ្រឿងនៅក្បែរច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជាផ្លូវទឹកដឹកជញ្ជូនថាមពលដ៏មមារញឹកបំផុតមួយរបស់ពិភពលោក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣។
កងទ័ពជើងទឹកនៃបញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួកបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្ដាល (CENTCOM) បានបញ្ជាក់កាលពីថ្ងៃពុធសប្ដាហ៍នេះ ថានាវាពិឃាដអាមេរិកប្រដាប់ដោយមីស៊ីល USS McFaul បានបណ្ដេញនាវាអ៉ីរ៉ង់ ជាច្រើនគ្រឿងដែលព្យាយាមស្ទាក់ចាប់កប៉ាល់ដឹកប្រេង ២គ្រឿង នៅតំបន់ ឈូងសមុទ្រអូម៉ង់ ហើយក្នុងពេលជាមួយគ្នា កងកម្លាំងអ៉ីរ៉ង់ក៏ត្រូវបានគេរាយការណ៍ដែរថាបានបាញ់ប្រហារលើកប៉ាល់មួយក្នុងចំណោមកប៉ាល់ដឹកប្រេង ទាំង២នេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពជើងទឹកអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «កាលពីថ្ងៃទី៥ ខែកក្កដា កងកម្លាំងអាមេរិកបានទប់ស្កាត់ការប៉ុនប៉ងរឹបអូស កប៉ាល់ពាណិជ្ជកម្ម២គ្រឿង ដោយកងកម្លាំងជើងទឹកអ៉ីរ៉ង់ បន្ទាប់ពីកងកម្លាំងអ៉ីរ៉ង់បានបាញ់ប្រហារលើកប៉ាល់មួយក្នុងចំណោមកប៉ាល់ដឹកប្រេងទាំង២ នៅឈូងសមុទ្រអូម៉ង់»។
គួរបញ្ជាក់ថា បើតាមកងទ័ពជើងទឹកអាមេរិក ឧប្បត្តិហេតុខាងលើកើតឡើងក្នុងដែនទឹកអន្តរជាតិ និងចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៉ឺរ៉ង់ កំពុងតានតឹងនឹងគ្នាស្រាប់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់៕