(គូឡាឡាំពួរ)៖ មិនដល់មួយឆ្នាំផង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នឹងប្រឈមមុខនឹងការសាកល្បងដ៏លំបាកបំផុតលើកដំបូង នៅក្នុងការបោះឆ្នោតថ្នាក់រដ្ឋនៅខែក្រោយ ដែលបានដាក់រដ្ឋាភិបាលរបស់លោក ឱ្យប្រឈមមុខនឹងបក្សប្រឆាំងអ៊ីស្លាមនិយមដ៏មានឥទ្ធិពល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក Abdul Ghani Saleh បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា អ្នកបោះឆ្នោតជាង ៩.៧លាននាក់នឹងទៅបោះឆ្នោតនៅថ្ងៃទី ១២ខែសីហា ដើម្បីជ្រើសរើសអ្នកតំណាងរបស់ខ្លួន ចំនួន ២៤៥រូបមកពីរដ្ឋចំនួន៦។
ខណៈដែលការបោះឆ្នោតតាមរដ្ឋនេះជាទូទៅ មិនប៉ះពាល់ដល់រដ្ឋាភិបាលសហព័ន្ធនោះទេ ប៉ុន្តែវាត្រូវបានគេចាត់ទុកថា ជាសូចនាករដ៏សំខាន់សម្រាប់វាស់ស្ទង់ការគាំទ្រ ឬមិនគាំទ្រលើរដ្ឋាភិបាលរួបរួម របស់លោក អាន់វ៉ា ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីការបោះឆ្នោតសកលដ៏មានភាពបែកបាក់កាលពីខែវិច្ឆិកាឆ្នាំមុន។
គណបក្ស Pakatan Harapan (PH) ដែលមានជាតិសាសន៍ភាគតិចចម្រុះ របស់លោក Anwar បានឈ្នះអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ប៉ុន្តែបានបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើន បន្ទាប់ពីជនជាតិម៉ាឡេជាច្រើនបានបោះការគាំទ្រ គណបក្យ Perikatan National (PN) ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Muhyiddin Yassin ។
លោក Ahmad Fawzi Abdul Hamid សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តម៉ាឡេស៊ីបាននិយាយថា «ការបោះឆ្នោតថ្នាក់រដ្ឋនេះ គឺជាការសាកល្បងលើកដំបូង លើប្រជាប្រិយភាពរបស់សម្ព័ន្ធនៅទូទាំងប្រទេស ឬស្ទើរតែពាក់កណ្តាលនៃប្រទេសម៉ាឡេស៊ី។ វានឹងសាកល្បងថាតើប្រជាជន ជាពិសេសអ្នកគាំទ្រគណបក្ស PH និងគណបក្ស BN ដែលបានចាត់ទុកគ្នាទៅវិញទៅមកជាគូប្រជែង ស្វាគមន៍កិច្ចសហការនេះឬអត់»។
គួរបញ្ជាក់ថា កាលពីបោះឆ្នោតសភារបស់ម៉ាឡេស៊ី កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅ បានបញ្ចប់ទៅដោយគ្មានគណបក្សណាមួយ ទទួលបានសំឡេងភាគច្រើននៃអាសនៈចំនួន ២២២នៅក្នុងរដ្ឋសភានោះទេ។ ដើម្បីដោះស្រាយវិបត្តិជាប់គាំងនយោបាយនេះ ព្រះមហាក្សត្រម៉ាឡេស៊ីបានចេញព្រះរាជបញ្ជាឱ្យ គណបក្ស PH របស់លោក អាន់វ៉ា ចងសម្ព័ន្ធភាពជាមួយគណបក្ស Barisan Nasional ដែលជាគូរប្រជែងដ៏ខ្លាំងរបស់ខ្លួន បង្កើតរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយ លោក អាន់វ៉ា អ៊ីប្រាហ៊ីម៕