(វ៉ាស៊ីនតោន)៖ មន្ត្រីប៉ូលីសបានឱ្យដឹងថា មនុស្ស ៩នាក់រួមទាំងអនីតិជនពីរនាក់ ត្រូវបានបាញ់ និងរងរបួសកាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ ១ព្រឹក (ម៉ោងនៅក្នុងតំបន់) នៅលើផ្លូវ Meade ភាគឦសាននៃរដ្ឋធានីសហរដ្ឋអាមេរិក នេះបើយោងតាមជំនួយការស្នងការប៉ូលីសក្រុង លោក Leslie Parsons ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Twitter ។
លោក Parsons បាននិយាយថា នៅពេលប៉ូលីសបានទៅដល់កន្លែងកើតហេតុ បានរកឃើញជនរងគ្រោះដែលត្រូវបានបាញ់ឱ្យរងរបួសជាច្រើននាក់ រួមទាំងក្មេងអាយុ ៩ឆ្នាំម្នាក់ និង ១៧ឆ្នាំផងដែរ។
ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា គ្មានជនរងគ្រោះណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ខណៈជនរងគ្រោះទាំងនេះក៏មិនទាន់មាននរណាម្នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណដែរ។
លោក Parsons បានឱ្យដឹងទៀតថា មានថយន្តពណ៍ខ្មៅមួយគ្រឿង ត្រូវបានគេឃើញបើកបរឆ្លងកាត់សង្កាត់នោះ ហើយបានឈប់ បន្ទាប់ក៏បានបាញ់ទៅលើជនរងគ្រោះនៅខាងក្រៅផ្ទះ ដោយបានពិពណ៌នាការបាញ់ប្រហារនេះមានគោលច្បាស់លាស់។ រហូតមកទល់ពេលនេះ មិនមាននរណាម្នាក់ត្រូវបានចាប់ខ្លួនទេ ហើយមូលហេតុនៅពីក្រោយហេតុការណ៍នេះក៏មិនទាន់ដឹងនៅឡើយដែរ។
គួរបញ្ជាក់ថា ការបាញ់ប្រហារនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី នេះ គឺជាការបាញ់ប្រហារចុងក្រោយបង្អស់ នៃការបាញ់ប្រហារដ៏រង្គាលនៅថ្ងៃឈប់សម្រាកដ៏ហិង្សាកាលពីចុងសប្តាហ៍។ កាលពីព្រឹកថ្ងៃអាទិត្យ មនុស្ស ២៨នាក់ត្រូវបានគេបាញ់នៅក្នុងពិធីជប់លៀងមួយក្នុងទីក្រុង Baltimore ដែលពីរនាក់ក្នុងចំណោមពួកគេបានស្លាប់៕