(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានលើកឡើងនូវគំនិតដាក់ការផាកពិន័យ ចំពោះឪពុកម្តាយរបស់ក្រុមក្មេងជំទង់ ដែលត្រូវបានចាប់ខ្លួនពីបទបំផ្លិចបំផ្លាញ ឬឆក់ប្លន់ ដើម្បីជាផ្នែកមួយនៃចំណាត់ការឆ្លើយតប របស់រដ្ឋាភិបាលចំពោះសកម្មភាពកុបកម្មហិង្សា រយៈពេលជាច្រើនថ្ងៃមកនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងយុត្តិធម៌បារាំង បានឲ្យដឹងថា ក្នុងចំណោមមនុស្សជិត ៤,០០០នាក់ដែលត្រូវបានចាប់ខ្លួនអំឡុងពេលកុបកម្ម កាលពីសប្តាហ៍មុន គឺមានច្រើនជាង ១,២០០នាក់ជាអនីតិជន។ បើតាមការស្រង់សម្តីរបស់កាសែតក្នុងស្រុករបស់បារាំង លោក ម៉ាក្រុង បានគូសបញ្ជាក់ថា ក្នុងពេលជួបជាមួយក្រុមមន្រ្តីប៉ូលិស យ៉ាងដូច្នេះថា «ជាមួយនឹងការប្រព្រឹត្តខុសលើកទីមួយ យើងត្រូវរកវិធីដាក់ពិន័យផ្នែកហិរញ្ញវត្ថុ ទៅលើគ្រួសាររបស់អ្នកទាំងនោះ។ សម្រាប់ជំហានដំបូង គឺយើងដាក់ពិន័យតិចតួច»។

លោក ម៉ាក្រុង បានបន្ថែមថា «វាជាទំនួលខុសត្រូវរបស់ឪពុកម្តាយក្នុងការមើលថែពួកគេឲ្យនៅផ្ទះ ហើយវាមិនមែនជាការងាររបស់រដ្ឋ ក្នុងការប្រដៅជំនួសពួកគេនោះទេ។ ពួកគេក៏ទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុផងដែរ ចំពោះសកម្មភាពនៃកូនរបស់ខ្លួន ក្នុងការសងរាល់ការខូចខាតណាមួយ សម្រាប់ជនរងគ្រោះ»។

គួរបញ្ជាក់ថា មាត្រា ២២៧-១៧ នៃក្រមព្រហ្មទណ្ឌបារំាងដែលមានស្រាប់ ក៏បានកំណត់ឲ្យមានការផាកពិន័យលើឪពុកម្តាយរួចហើយ ផងដែរ។ ការផាកពិន័យអាចមានរហូតដល់ ៣២,៧០០ដុល្លារ និងការជាប់ពន្ធនាគារ ២ឆ្នាំសម្រាប់ឪពុកម្តាយណាដែល មិនបានបំពេញកាតព្វកិច្ចចិញ្ចឹមកូនបានល្អ៕