(ប៉េកាំង)៖ តាមការផ្សាយដំណឹងឱ្យដឹងថា អង្គការថាមពលបរមាណូអន្តរជាតិបានចេញផ្សាយរបាយការណ៍វាយតម្លៃចម្រុះ ចំពោះមធ្យោបាយចាត់ចែងទឹកសំណល់នុយក្លេអ៊ែរ Fukushima របស់ប្រទេសជប៉ុន ដោយសម្គាល់ថា ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែររបស់ប្រទេសជប៉ុន ចូលក្នុងសមុទ្រគឺស្របតាមស្តង់ដាសុវត្ថិភាពអន្តរជាតិជាទូទៅ ហើយអង្គការនេះនឹងតាមដាននិងត្រួតពិនិត្យរយៈពេលយូរ ចំពោះសកម្មភាពបង្ហូរទឹកសំណល់នុយក្លេអ៊ែររបស់ជប៉ុនចូលក្នុងសមុទ្រ ។ ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ប្រទេសចិនបានឃើញរបាយការណ៍វាយតម្លៃចម្រុះនេះ រួចហើយ ។
តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញពីមតិយោបល់ របស់អ្នកជំនាញទាំងអស់ដែលចូលរួមការងារវាយតម្លៃនោះទេ ហើយការសន្និដ្ឋានពាក់ព័ន្ធក៏មិនត្រូវបានទទួលស្គាល់ ដោយអ្នកជំនាញទាំងអស់នោះដែរ ។ យើងសម្គាល់ឃើញថា របាយការណ៍នេះមិនអាចធ្វើជា "លិខិតការពារ" ឬ "លិខិតអនុញ្ញាត" សម្រាប់ការបង្ហូរទឹកសំណល់នុយក្លេអ៊ែររបស់ប្រទេសជប៉ុន ចូលក្នុងសមុទ្រនោះទេ ។ ដោយសារសិទ្ធិអំណាចរបស់អង្គការនេះមានកម្រិត ដូច្នេះ មិនបានពិនិត្យមើលភាពស្របច្បាប់នៃផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ របស់ប្រទេសជប៉ុនចូលក្នុងសមុទ្រ មិនបានវាយតម្លៃចំពោះប្រសិទ្ធភាពរយៈពេលយូរ នៃឧបករណ៍ប្រព្រឹត្តិកម្មទឹកសំណល់នុយក្លេអ៊ែររបស់ជប៉ុន និងមិនបានបញ្ជាក់ពីភាពត្រឹមត្រូវ និងភាពទៀងទាត់នៃទិន្នន័យ ស្តីពីទឹកសំណល់នុយក្លេអ៊ែររបស់ប្រទេសជប៉ុន។ ហេតុនេះ ការសន្និដ្ឋានខាងលើវាមានកម្រិតនិងមិនគ្រប់ជ្រុងជ្រោយឡើយ៕
អត្ថបទ៖ដោយវិទ្យុមិត្តភាពកម្ពុជាចិន