(ប៉េកាំង)៖ កាលពីថ្ងៃទី ៤ ខែកក្កដា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Grossi អគ្គនាយកនៃអង្គការថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញផ្សាយជាផ្លូវការនូវរបាយការណ៍វាយតម្លៃចម្រុះរបស់ IAEA ស្តីពីករណីដែលជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ ។ ទាក់ទិននឹងករណីនេះ លោក Deng Ge លេខាធិការនៃអង្គការថាមពលបរមណូជាតិចិន បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា IAEA បានអញ្ជើញអ្នកជំនាញមកពីប្រទេសជាច្រើនឱ្យចូលរួម ក្នុងការត្រួតពិនិត្យនិងវាយតម្លៃចំពោះបញ្ហា ដែលជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរ Fukushima ចូលក្នុងសមុទ្រ ប៉ុន្តែរបាយការណ៍នេះមិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវមតិយោបល់របស់អ្នកជំនាញទាំងអស់នោះទេ ហើយការសន្និដ្ឋានមានកម្រិតនិងមិនគ្រប់ជ្រុងជ្រោយឡើយ ។ ប្រទេសចិនមានការសោកស្តាយចំពោះករណីដែល IAEA ចេញផ្សាយរបាយការណ៍យ៉ាងទាន់ហន់។

ទី១, ប្រទេសជប៉ុនមិនបានបញ្ជាក់ពីភាពស្របច្បាប់នៃការសម្រេចចិត្តស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រនោះទេ។
ទី២, ជប៉ុនមិនបានបញ្ជាក់ពីប្រសិទ្ធភាពរយៈពេលយូរនិងភាពគួរឱ្យទុកចិត្តបាននៃឧបករណ៍ប្រព្រឹតិ្តកម្មទឹកសំណល់នុយក្លេអ៊ែរនោះទេ។
ទី៣, ជប៉ុនមិនបានបញ្ជាក់ពីភាពត្រឹមត្រូវ និងភាពទៀងទាត់នៃនៃទិន្នន័យស្តីពីទឹកសំណល់នុយក្លេអ៊ែររបស់ប្រទេសជប៉ុននោះទេ។
ទី៤, ជប៉ុនមិនបានបង្ហាញភស្តុតាងថា ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ វាមិនបង្កគ្រោះថ្នាក់ដល់បរិស្ថានមហាសមុទ្រ ក៏ដូចជាសុខភាពនិងសុវត្ថិភាពមនុស្សជាតិនោះទេ។

ភាគីចិនសូមដាស់តឿនឱ្យភាគីជប៉ុនប្រឈមមុខនឹងកង្វល់ស្របច្បាប់ និងសមហេតុផលរបស់សហគមន៍អន្តរជាតិ ក៏ដូចជាមតិយោបល់របស់ IAEA និងអង្គការជំនាញអន្តរជាតិដទៃទៀត ហើយនៅមុនពេលផ្តល់ភស្តុតាង ដែលអាចជឿទុកចិត្តបានស្តីពីភាពត្រឹមត្រូវ នៃសេចក្តីសម្រេចចិត្តអំពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលក្នុងសមុទ្រ ភាពអាចទុកចិត្តបាននៃឧបករណ៍ប្រព្រឹត្តិកម្មទឹកសំណល់ ភាពពិតជាក់ស្តែងនៃទិន្នន័យដើម និងភាពមិនប្រាកដប្រជាក្នុងការប៉ះពាល់បរិស្ថានជាដើម ព្រមនិងទទួលបានការយោគយល់ពីប្រទេសដែលមានផលប្រយោជន៍ពាក់ព័ន្ធ ក៏ដូចជាមុនពេលដែលដាក់ចេញនូវវិធានការកែតម្រូវប្រកបដោយប្រសិទ្ធភាពតាមការវាយតម្លៃរបស់IAEA ជប៉ុនមិនត្រូវបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលក្នុងសមុទ្រនោះឡើយ ៕

អត្ថបទ៖ដោយវិទ្យុមិត្តភាពកម្ពុជាចិន