(តៃប៉ិ)៖ បេក្ខជនដែលមានប្រជាប្រិយភាពនាំមុខគ្នា សម្រាប់តំណែងជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ គឺលោក វីលៀម ឡៃ (William Lai) បានអះអាងនៅថ្ងៃពុធនេះថា រូបលោកអាចរក្សាឱ្យនៅបន្តមានសន្តិភាពជាមួយចិនបាន ប្រសិនបើជាប់ឆ្នោតនាដើមឆ្នាំ២០២៤ ហើយលោកក៏បានគូសបញ្ជាក់ជាថ្មីផងដែរ នូវឆន្ទៈដើម្បីបើកកិច្ចសន្ទនាគ្នា ដោយឥតមានលក្ខខណ្ឌកំណត់ទុកជាមុន និងការសន្យាពង្រឹងវិស័យការពារជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។

លោក ឡៃ បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំនឹងគាំទ្រការរក្សាស្ថានភាពដើម នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ដែលជារឿងល្អបំផុត​ទាំងសម្រាប់តៃវ៉ាន់ផ្ទាល់ ហើយនិងសម្រាប់សហគមន៍អន្តរជាតិ។ ខ្ញុំនឹងមិនបដិសេធឡើយ ចំពោះលទ្ធភាពនៃការបើកសន្ទនា ដោយគ្មានលក្ខខណ្ឌកំណត់ទុកជាមុន ហើយឈរលើគោលការណ៍ នៃការផ្តល់ប្រយោជន៍ និងសេចក្តីថ្លៃថ្នូរឱ្យគ្នាទៅវិញទៅមក»។ ទន្ទឹមគ្នា លោក ឡៃ ក៏បានលើកឡើងដែរថា លោកនឹងបន្តផែនការរបស់មេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន គឺលោកស្រី សៃ អ៉ីងវិន ក្នុងការពង្រឹងវិស័យការពារជាតិ ដូចជាការចំណាយបន្ថែមទៅលើយោធា និងបង្កើនចំណាត់ការផ្សេងៗ ដើម្បីកាត់បន្ថយហានិភ័យនៃការផ្ទុះសង្រ្គាម។

គួរបញ្ជាក់ថា លោក ឡៃ បច្ចុប្បន្នគឺជាមេដឹកនាំរងនៃកោះតៃវ៉ាន់ និងជាបេក្ខជនរបស់គណបក្សកាន់អំណាច DPP សម្រាប់ការបោះឆ្នោត​ជ្រើសរើសមេដឹកនាំតៃវ៉ាន់អាណត្តិថ្មី ដែលនឹងត្រូវរៀបចំឡើងនៅខែមករា ឆ្នាំក្រោយ។ មកទល់ឥឡូវ លទ្ធផលនៃការស្ទង់មតិភាគច្រើន បានបង្ហាញថា រូបលោកទទួលបានការគាំទ្រនាំមុខគេ។ សម្រាប់លោកស្រី សៃ វិញ គឺមិនអាចឈរឈ្មោះម្តងទៀតទេ បន្ទាប់ពីលោកស្រី​កាន់តំណែងបានគ្រប់២អាណត្តិហើយ។

យោងតាមប្រភពពីក្រុមអ្នកការទូត លោក វីលៀម ឡៃ ក៏ត្រូវគេរំពឹងថា នឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅខែក្រោយនេះផងដែរ ដើម្បីជជែកពីរបៀបវារៈគោលនយោបាយ រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតៃប៉ិ ខណៈបេក្ខជនមេដឹកនាំតៃវ៉ាន់ពីៗមុន តែងតែបានធ្វើយ៉ាងដូច្នោះ។ អាមេរិកគឺជាខ្នងបង្អែក និងអ្នកផ្គត់ផ្គង់សព្វាវុធធំបំផុតហើយសំខាន់របស់តៃវ៉ាន់ ដែលជាដែនកោះត្រូវចិនចាត់ទុក ជាផ្នែកនៃទឹកដីរបស់ខ្លួន៕