(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា ភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សចំនួន ១៥នាក់នៅក្នុងទីក្រុងឆុងឈីង (Chongqing) ដែលស្ថិតនៅភាគនិរតីនៃប្រទេសចិន ខណៈប្រធានាធិបតី លោក ស៉ី ជិនពីង អំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីការពារពលរដ្ឋពីគ្រោះមហន្តរាយអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងទីក្រុង Chongqing ទឹកជំនន់បានបង្ខំមនុស្សរាប់ពាន់នាក់ចេញពីផ្ទះរបស់ពួកគេ ហើយស្ពានត្រូវបានកាត់ផ្តាច់ ខណៈផ្ទះ និងរថយន្តខ្លះត្រូវហូរទៅតាមទឹក។ ផ្អែកលើប្រភពពីអាជ្ញាធរ ទីភ្នាក់ងារសារព័ត៌មាន៉សីនហួរ បានឲ្យដឹងថា មនុស្សចំនួន ១៥នាក់ហើយបានស្លាប់ និង ៤នាក់ទៀតបាត់ខ្លួននៅព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។ ក្រសួងធនធានទឹកបានចាប់ផ្តើម ប្រតិបត្តិការឆ្លើយតបជាបន្ទាន់សម្រាប់តំបន់ម៉ុងហ្គោលីខាងក្នុង និងខេត្តលាវនីង (Liaoning) ជីលីន (Jilin) និងហឺឡុងជាំង (Heilongjiang)។
លោក ស៉ី បានបញ្ជារឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្តល់អាទិភាព លើការធានាសុវត្ថិភាពរបស់មនុស្ស និងទ្រព្យសម្បត្តិ ចំណែកទីស្នាក់ការគ្រប់គ្រងគ្រោះទឹកជំនន់ និងសង្គ្រោះគ្រោះរាំងស្ងួតរបស់រដ្ឋ ក៏ដូចជាក្រសួងគ្រប់គ្រងគ្រាអាសន្ន និងធនធានទឹក សហការធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួល និងចេញការព្រមានរបស់ខ្លួន។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបង្ករឲ្យមានការបំផ្លិចបំផ្លាញដោយទឹកជំនន់ និងករណីស្លាប់ដោយសារតែការរអិលបាក់ដី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលព្យុះព្រិល និងរលកកំដៅខ្ពស់មិនធ្លាប់មានបានបន្ថែម ភាពលំបាកដល់ផ្នែកជាច្រើននៃប្រទេសចិន។ ភ្លៀងធ្លាក់ខ្លាំងលើកចុងក្រោយនេះ បានរំខានដល់អាយុជីវិតមនុស្សជាង ១៣ម៉ឺននាក់ និងខូចខាតដំណាំជាង ៧,៥០០ហិកតា។ គេរំពឹងថាភ្លៀងធ្លាក់ខ្លាំងនឹងបន្តពាសពេញតំបន់ខាងលើ នៅថ្ងៃពុធនេះ៕