(ប៉េកាំង)៖ ក្រសួងការពារជាតិចិននៅថ្ងៃពុធនេះ បានចេញមុខនិយាយថា ប្រទេសចិនជំទាស់យ៉ាងដាច់អហង្ការ ចំពោះគម្រោងលក់អាវុធ​របស់សហរដ្ឋអាមេរិក មកឱ្យកោះតៃវ៉ាន់ ហើយក៏បានដាក់កំណត់ទូតតវ៉ាន់យ៉ាងរឹងមាំ ទៅកាន់ទីក្រុងវ៉ាស៉ីនតោនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក តាន កឺហ្វៃ (Tan Kefei) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «សហរដ្ឋអាមេរិកនៅតែបន្តមិនអើពើចំពោះក្តីកង្វល់ស្នូល របស់ប្រទេសចិន និងចូលជ្រៀតជ្រែកយ៉ាងហិង្សាមកលើកិច្ចការផ្ទៃក្នុងរបស់ចិន ហើយជំរុញ​ឱ្យភាពតានតឹងកើនឡើងដោយចេតនា នៅតំបន់ច្រកសមុទ្រតៃវ៉ាន់»។ ចិនចាត់ទុកតៃវ៉ាន់ជាទឹកដី ដែលមិនអាចកាត់ផ្តាច់បានរបស់ខ្លួន ហើយមិនពេញចិត្តជាខ្លាំង ចំពោះទំនាក់ទំនងលក្ខណៈមិនផ្លូវការ រវាងទីក្រុងតៃប៉ិនិងទីក្រុងវ៉ាស៉ីនតោន ជាពិសេសការលក់អាវុធរបស់អាមេរិក ឱ្យមកដែនកោះនេះ។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាស របស់មន្ទីរបញ្ចកោណកាលពីសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ភ្លើងបៃតង ចំពោះផែនការលក់គ្រាប់រំសេវផ្សេងៗ ព្រមទាំងការគាំទ្រផ្នែកឡូជីស្ទីគជាមួយគ្រឿងបន្លាស់និងគ្រឿងជួសជុលឱ្យតៃវ៉ាន់ ក្នុងកិច្ចព្រមព្រៀង២ផ្សេងគ្នា ដែលមានតម្លៃសរុបរហូតដល់៤៤០លានដុល្លារ៕