(មូស្គូ)៖ អភិបាលតំបន់បាននិយាយថា តំបន់ឃាស់ (Kursk) និងបែលហ្គោរូដ (Belgorod) របស់រុស្ស៉ីបានរងនូវការបាញ់ប្រហារ ពីកងកម្លាំងអ៊ុយក្រែនឆ្លងកាត់ព្រំដែននៅព្រឹកព្រលឹមថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ដោយមនុស្សម្នាក់បានរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។
អភិបាលតំបន់បែលហ្គោរូដ លោក វីយ៉ាឆេស្លេវ គ្លេដកូវ (Vyacheslav Gladkov) បានសរសេរនៅលើបណ្តាញ Telegram យ៉ាងដូច្នេះថា «ការវាយប្រហារលើទីក្រុងវាលូយីគី (Valuyiki) មានរយៈពេលជាងមួយម៉ោង ហើយស្ត្រីម្នាក់បានរងរបួស»។ លោក គ្លេដកូវ បានឲ្យដឹងទៀតថា អ៊ុយក្រែនក៏បានបាញ់គ្រាប់រ៉ុក្កែតចេញពីប្រព័ន្ធ Grad ចំនួន ១២គ្រាប់ ដោយផ្ទះឯកជនចំនួន ៨ត្រូវបានខូចខាតនៅក្នុងការវាយប្រហារនេះ។ ជាមួយគ្នានេះ កងកម្លាំងការពារជាតិរុស្ស៉ី បានបាញ់ទម្លាក់វត្ថុចំនួន ៣គ្រឿងដែលក្នុងនោះមានយន្តហោះដ្រូនមួយគ្រឿង។ ដោយឡែក លោក រ៉ូមែន ស្តារ៉ូយ៉ូត (Roman Starovoyt) អភិបាលនៃតំបន់ Kursk ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង Belgorod និងជាប់ព្រំដែនប្រទេសអ៊ុយក្រែនផងនោះ បាននិយាយថា សាលារៀន និងផ្ទះឯកជនមួយខ្នងបានរងការខូចខាត។
គួរបញ្ជាក់ថា ការបំផ្ទុះ និងការវាយប្រហារលើតំបន់រុស្ស៉ីជាប់ព្រំដែនអ៊ុយក្រែន បាននិងកំពុងកើតឡើងស្ទើរតែរាល់ថ្ងៃ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយមន្ត្រីរុស្ស៉ីបានស្តីបន្ទោសទាំងកងកម្លាំងអ៊ុយក្រែន ឬក្រុមបះបោរគាំទ្រអ៊ុយក្រែន៕