(បាងកក)៖ ប្រធានរដ្ឋសភាថៃថ្មី លោក វ៉ាន់ មហាំម៉ាត់ នួរ ម៉ាថា (Wan Muhamad Noor Matha) បានប្រកាសនៅថ្ងៃពុធនេះថា សភានៃប្រទេសថៃ នឹងបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃទី១៣ ខែកក្កដា ត្រូវនឹងថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដែលដូចទៅតាមការគ្រោងទុកកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។
សេចក្តីប្រកាសខាងលើធ្វើឡើង នៅមួយថ្ងៃបន្ទាប់ពី លោក វ៉ាន់ នួរ ត្រូវបានតែងតាំងជាប្រធានថ្មីរបស់រដ្ឋសភាថៃ។ គណបក្ស Move Forward ដែលជាអ្នកទទួលជ័យជម្នះ ព្រមទាំងគណបក្សប្រឆាំងធំបំផុតគឺ ភឿថៃ បានផ្តួលក្រុមគណបក្សអភិរក្សនិយម នៅក្នុងការបោះឆ្នោតសកលថៃ កាលពីខែឧសភាកន្លងទៅ ដោយបក្ស Move Forward ឈ្នះបាន១៥១អាសនៈ និងបក្សភឿថៃ ឈ្នះបាន ១៤១អាសនៈ នៅក្នុងរដ្ឋសភាថៃ ដែលមានអាសនៈសរុបចំនួន៥០០។
គួរបញ្ជាក់ថា រួមគ្នាជាមួយគណបក្សចំនួន៦ផ្សេងទៀត ពួកគេត្រូវបានរំពឹងថា នឹងលើកឱ្យមេដឹកនាំគណបក្ស Move Forward លោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ធ្វើជានាយករដ្ឋមន្រ្តីថ្មី បន្តពីនាយករដ្ឋមន្រ្តីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា។ យ៉ាងណាក្តី ដោយមានអាសនៈរួមបញ្ចូលគ្នា សរុបត្រឹម៣១២អាសនៈ ក្រុមចម្រុះរបស់ Move Forward មានសំឡេងមិនទាន់គ្រប់៣៧៦អាសនៈ ដែលលោក ភីថា ត្រូវការចាំបាច់ ដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តី នៅឡើយទេ។ ការជ្រើសរើសនាយករដ្ឋមន្រ្តីនោះនឹងប្រព្រឹត្តទៅ ដោយការបោះឆ្នោតរួមគ្នាពីសំណាក់សមាជិករដ្ឋសភាទាំង៥០០នាក់ ហើយនិងសមាជិកព្រឹទ្ធសភា២៥០នាក់ទៀត ដែលត្រូវបានតែងតាំងដោយអតីតរដ្ឋាភិបាលយោធាថៃ៕