(ព្រុចសែល)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យម្នាក់របស់សហភាពអឺរ៉ុប (EU) បាននិយាយថា ចិនបានសម្រេចលុបចោលវិញ នូវគម្រោងបំពេញទស្សនកិច្ចរបស់ ប្រមុខគោលនយោបាយការបរទេស EU គឺលោក ចូសេព បូរែល (Josep Borrell) ដែលត្រូវប្រព្រឹត្តទៅនាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។

អ្នកនាំពាក្យ EU លោកស្រី ណាប៊ីឡា ម៉ាសរ៉ាលី (Nabila Massrali) បានប្រាប់ Reuters ក្នុងសេចក្តីថ្លែងការណ៍ជាសំណេរដូច្នេះថា «គួរឱ្យសោកស្តាយ យើងទទួលបានការជូនដំណឹងពីសមភាគីចិនថា កាលបរិច្ឆេទនាសប្តាហ៍ក្រោយ ដែលត្រូវបានកំណត់​ទុកនាពេលកន្លងមកនេះ គឺមិនអាចកើតទៅបានទេ ហើយឥឡូវយើងចាំបាច់ត្រូវសម្លឹងមើលជម្រើសផ្សេងវិញ»។

មិនមានការផ្តល់ហេតុផលជាក់លាក់ សម្រាប់ការលុបចោលគម្រោងទស្សនកិច្ចរបស់លោក បូរែល ឡើយ ប៉ុន្តែវាកើតឡើងចំពេលដែល EU កំពុងព្យាយាមកាត់បន្ថយហានិភ័យ ដែលកើតមានដោយសារទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរបស់អឺរ៉ុបជាមួយចិន។ បើតាមការឱ្យដឹងកាលពី​ថ្ងៃអាទិត្យចុងសប្តាហ៍មុន ពីសំណាក់ឯកអគ្គរដ្ឋទូត EU ប្រចាំប្រទេសចិន លោក បូរែល បានគ្រោងទៅបំពេញទស្សនកិច្ចនៅប៉េកាំង នាថ្ងៃទី១០ ខែកក្កដា ដើម្បីជួបជាមួយសមភាគីចិនរបស់លោក ហើយជជែកអំពីបញ្ហាសំខាន់ៗ រួមមានទាំងសិទ្ធិមនុស្ស និងសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា វាគឺជាលើកទី២ហើយ ក្នុងឆ្នាំ២០២៣នេះ ដែលគម្រោងបំពេញទស្សនកិច្ចរបស់លោកប្រមុខការទូត EU ត្រូវបានលុបចោលទៅវិញ។ កាលពីខែមេសា លោក បូរែល មិនអាចទៅបំពេញទស្សននៅចិនបាន ក្រោយធ្វើតេស្តវិជ្ជមានកូវីដ១៩៕