(វីលនីញូស)៖ ប្រធានាធិបតីលីទុយអានី បានអំពាវនាវយ៉ាងទទូចឱ្យក្រុមដឹកនាំនៃបណ្តាប្រទេសជាសមាជិកអង្គការណាតូ (NATO) មានភាពក្លាហានជាងមុន ក្នុងការនិយាយពាក់ព័ន្ធទៅនឹងសមាជិកភាព NATO សម្រាប់អ៊ុយក្រែន អំលុងកិច្ចប្រជុំកំពូល ដែលនឹងត្រូវ​រៀបចំឡើងនៅក្នុងប្រទេសរបស់លោក នាសប្តាហ៍ក្រោយ ដើម្បីជាសារមួយលើកទឹកចិត្តដល់ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន និងដើម្បី​កុំឱ្យរុស្ស៉ីមើលឃើញថា បក្សសម្ព័ន្ធយោធាមួយនេះ មានភាពទន់ខ្សោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។

អំលុងបទសម្ភាសន៍មួយជាមួយ ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងសប្តាហ៍នេះ ប្រធានាធិបតីលីទុយអានី លោក ជីតាណាស ណាវសេដា (Gitanas Nauseda) បានណែនាំឱ្យក្រុមសម្ព័ន្ធមិត្ត NATO បោះបង់ចោលនូវការភ័យខ្លាច ដែលថាការទទួលយកអ៊ុយក្រែន ឱ្យចូលជា​សមាជិករបស់ខ្លួន គឺជាសកម្មភាពបង្កហេតុចំពោះរុស្ស៉ី ដែលជាអ្នកបានបំផ្ទុះសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

លោក ណាវសេដា បាននិយាយយ៉ាងដូច្នេះថា «ពួកយើងមិនគួរស្ទាក់ស្ទើរនោះទេ ក្នុងការធ្វើសម្រេចចិត្តប្រកបដោយភាពក្លាហានជាងមុន ព្រោះថាបើមិនដូច្នោះទេ លោក ពូទីន នឹងមើលឃើញថា ក្រុមលោកខាងលិចគឺអន់ខ្លាំងណាស់ ហើយសន្និដ្ឋានថា ប្រសិនបើពួកយើងត្រូវ​បានរុញឱ្យទាល់ច្រកនោះ យើងនឹងសុខចិត្តចុះចាញ់ជាមិនខាន។ ការនិយាយស្តីម៉ឺងម៉ាត់ជាងមុន ជុំវិញអនាគតនៃសមាជិកភាព NATO សម្រាប់អ៊ុយក្រែន ក៏នឹងជួយបង្កើនស្មារតីតស៊ូប្រយុទ្ធនៅលើសមរភូមិ របស់កងទ័ពអ៊ុយក្រែនផងដែរ ដែលវាជារឿងដ៏សំខាន់»

គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ ទីក្រុងកៀវបានខំប្រែងជំរុញឱ្យ NATO ប្រកាសនៅអំឡុងកិច្ចប្រជុំកំពូលថ្ងៃទី១១-១២ ខែកក្កដា ថា អ៊ុយក្រែននឹងទទួលបានការអនុញ្ញាតឱ្យចូលក្នុង NATO នាពេលឆាប់ៗ ក្រោយសង្រ្គាមបញ្ចប់ទៅ ហើយដាក់ចេញនូវ​ផែនការច្បាស់លាស់មួយ សម្រាប់ឱ្យអ៊ុយក្រែន ឆ្ពោះទៅសម្រេចបានសមាជិកភាពនោះ។ យ៉ាងណាមិញ សមាជិកធំៗរបស់ NATO ដូចជាសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ជាដើម បាននាំគ្នាប្រកាន់ជំហរប្រុងប្រយ័ត្នអំពីសកម្មភាពនានា ដែលពួកគេព្រួយបារម្ភថា អាចនឹងរុញច្រានបក្សសម្ព័ន្ធយោធានេះ ឱ្យធ្លាក់ទៅក្នុងសង្រ្គាមប្រឈមមុខផ្ទាល់ ជាមួយរុស្ស៉ី៕