(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ម្សៅពណ៌សមួយដែលត្រូវបានគេរកឃើញនៅខាងក្នុងសេតវិមាន កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន (ម៉ោងក្នុងតំបន់) ត្រូវបាននាយកដ្ឋានពន្លត់អគ្គីភ័យ និងសេវាសង្គ្រោះបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោន បញ្ជាក់ថាជា សារធាតុកូកាអ៉ីន (cocaine)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។

ម្សៅពណ៌សនេះ ត្រូវបានរកឃើញនៅខាងក្នុងអគារ West Wing ដែលនៅជាប់នឹងកន្លែងរបស់លោកប្រធានាធិបតី ចូ បៃដិន រស់នៅ។ West Wing មានបន្ទប់ការិយាល័យ បន្ទប់ប្រជុំ ស្នាក់ការព័ត៌មាន និងកន្លែងធ្វើការសម្រាប់បុគ្គលិករបស់ប្រធានាធិបតី។ ជារៀងរាល់ថ្ងៃ មានមនុស្សរាប់រយនាក់ ធ្វើការនៅទីនោះ។ កងការពារសម្ងាត់អាមេរិក បានឲ្យដឹងនៅថ្ងៃអង្គារនេះថា «ម្សៅម្យ៉ាង» ត្រូវបានរកឃើញនៅកន្លែងធ្វើការក្នុងអគារ West Wing កាលពីថ្ងៃអាទិត្យដែលនាំទៅដល់ការបិទបណ្តោះអាសន្ននៃអគារសេតវិមាន។ តែមិនមានការបញ្ជាក់អ្វីលម្អិតបន្ថែមលើសពីនេះឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននោះ លោក បៃដិន មិនបានស្នាក់នៅឯសេតវិមានទេ។ លោក និងក្រុមគ្រួសារ ទើបនឹងត្រឡប់មកពីសម្រាក ចុងសប្តាហ៍នៅឯជំរំប្រធានាធិបតី Camp David នៅព្រឹកថ្ងៃអង្គារ៕