(ហ្ស៊េរុយសាឡិម)៖ កងទ័ពអ៉ីស្រាអែល បានដកថយចេញពីទីក្រុងជេនីន (Jenin) របស់ប៉ាឡេស្ទីនហើយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពី បានធ្វើប្រតិបត្តិការយោធាដ៏ធំបំផុតមួយលើទីក្រុងនៃតំបន់វេសប៊ែង (West Bank) មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១២នាក់ ក្នុងនោះមានអ្នកប្រយុទ្ធ ៥នាក់ និងទាហានអ៉ីស្រាអែលម្នាក់ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការដែល យោធាអ៉ីស្រាអែលនិយាយថា មានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសព្វាវុធរបស់សកម្មប្រយុទ្ធនៅឯជំរំជនភៀសខ្លួនក្នុងទីក្រុង Jenin។ សាក្សី២នាក់ប្រាប់របស់ Reuters ថាក្បួនរថយន្តយោធាអ៉ីស្រាអែលបានចាកចេញពីទីក្រុង Jenin ហាក់ដូចជាសញ្ញានៃការបញ្ចប់ប្រតិបត្តិការ ដែលខ្លួនបានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍មក។ ចំណែក អ្នកស្រុកដែលបានចាកចេញពីជំរំអំឡុងពេលមានការប្រយុទ្ធគ្នា ក៏បានចាប់ផ្តើមវិលត្រឡប់មកវិញទាំងយប់ងងឹង ដោយអ្នកខ្លះប្រើពន្លឺទូរស័ព្ទដៃដើម្បីបំភ្លឺផ្លូវ។

គួរបញ្ជាក់ថា ជំរំជនភៀសខ្លួនដែលមានប្រជាជនប្រមាណ ១៤,០០០នាក់ រស់នៅលើផ្ទៃដីតិចជាងកន្លះគីឡូម៉ែត្រក្រឡា គឺជាចំណុចស្នូលមួយ នៃអំពើហិង្សាដែលបានវាយលុកតំបន់ West Bank អស់រយៈពេលជាង ១ឆ្នាំមកនេះ ហើយកំពុងស្ថិតក្រោមការតាមដានកាន់តែខ្លាំងឡើងពី អន្តរជាតិ៕